Khmer suport khmer cc time

អង្គការទស្សនៈពិភពលោក នឹងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ៣ម៉ឹននាក់ ខេត្តក្រចេះ តាមរយៈកម្មវិធីអភិវឌ្ឍន៍ប្រចាំស្រុកចិត្របុរី

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ខេត្តក្រចេះ៖ អង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានដាក់ឱ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ប្រចាំស្រុកចិត្របុរី (២០២៧-២០៣៨) ដែលជាកម្មវិធីរយៈពេល ១២ឆ្នាំ សម្រាប់គាំទ្រប្រជាពលរដ្ឋចំនួន ៣៣.៥៧៨ នាក់ ក្នុងនោះរួមមានកុមារចំនួន ១១.៧១៥ នាក់ និងជនមានពិការភាពចំនួន ៣៦៥ នាក់ នៅក្នុងឃុំចំនួន ៤ នៃស្រុកចិត្របុរី ខេត្តក្រចេះ។

កម្មវិធីនេះនឹងត្រូវអនុវត្តនៅក្នុងឃុំបុសលាវ ឃុំចង្រ្កង់ ឃុំគោលាប់ និងឃុំសំបុក ដែលគ្របដណ្ដប់លើភូមិចំនួន ២៧។ តាមរយៈភាពជាដៃគូជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ សាលារៀន មណ្ឌលសុខភាព អ្នកដឹកនាំជំនឿ និងដៃគូអភិវឌ្ឍន៍ កម្មវិធីនេះ មានគោលបំណងលើកកម្ពស់សុខុមាលភាពកុមារ តាមរយៈអន្តរាគមន៍លើវិស័យសុខភាព និងអាហារូបត្ថម្ភ ការអប់រំ កិច្ចការពារកុមារ ទឹកស្អាត អនាម័យ (WASH) និងជីវភាពរស់នៅប្រកបដោយចីរភាព។

លទ្ធផលនៃការសិក្សាវាយតម្លៃក្នុងតំបន់កម្មវិធី បានបង្ហាញពីបញ្ហាប្រឈមមួយចំនួនដែលបន្តប៉ះពាល់ដល់សុខុមាលភាពរបស់កុមារ និងគ្រួសារ រួមមាន៖

• ៣៥% នៃគ្រួសាររស់នៅក្នុងភាពក្រីក្រ ដែលអត្រានេះកើនឡើងដល់ ៦២% នៅក្នុងឃុំចង្រ្កង់។

• មានតែ ៤៦% ប៉ុណ្ណោះ នៃកុមារអាយុពី ៣ ដល់ ៥ឆ្នាំ ដែលបានចូលរៀននៅមត្តេយ្យសិក្សា។

• មានត្រឹមតែ ៤២.៣% នៃកុមារដែលបានបញ្ចប់ការសិក្សានៅកម្រិតមធ្យមសិក្សា។

• មានតែ ៥៦% នៃខ្នងផ្ទះសរុប ដែលមានបង្គន់អនាម័យប្រើប្រាស់។

• កង្វះអាហារូបត្ថម្ភនៅតែបន្តប៉ះពាល់ដល់ការលូតលាស់ និងអភិវឌ្ឍ ដោយក្នុងនោះ ២១.៨% នៃកុមារអាយុក្រោម ៥ឆ្នាំ មានភាពក្រិសក្រិន ១៣.៦% មានភាពស្គមស្គាំង និង ១៥.៥% មានទម្ងន់ទាបធៀបនឹងអាយុ។

• កុមារនៅតែប្រឈមនឹងហានិភ័យទាក់ទងនឹងអំពើហិង្សា ពលកម្មកុមារ ការធ្វើចំណាកស្រុកដោយមិនមានសុវត្ថិភាព ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចក្នុងទម្រង់ផ្សេងៗ។

ស្រុកចិត្របុរី បាននិងកំពុងប្រឈមនឹងហានិភ័យកាន់តែខ្ពស់ដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុផងដែរ។ ក្នុងឆ្នាំ ២០២៥ កន្លងទៅ គ្រោះទឹកជំនន់បានប៉ះពាល់ដល់គ្រួសារចំនួន ៤៥៧ និងប្រជាពលរដ្ឋចំនួន ១.១៣៨ នាក់ ដែលបង្កការរំខានដល់ជីវភាពរស់នៅ ការអប់រំ ការធ្វើដំណើរ និងការទទួលបានសេវាចាំបាច់នានានៅក្នុងសហគមន៍មួយចំនួន។

លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី បានគូសបញ្ជាក់ថា៖ “យើងសូមស្វាគមន៍ចំពោះការដាក់ឱ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ស្រុកចិត្របុរីរបស់អង្គការទស្សនៈពិភពលោក ដែលជាដៃគូដ៏សំខាន់មួយក្នុងការរួមចំណែកសម្រេចអាទិភាពអភិវឌ្ឍន៍របស់ស្រុក។ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាន សហគមន៍ និងអង្គការទស្សនៈពិភពលោក យើងនឹងបន្តលើកកម្ពស់សុខុមាលភាពកុមារ ពង្រឹងភាពធន់របស់សហគមន៍ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព ដែលផ្តល់ប្រយោជន៍ដល់កុមារ និងគ្រួសារនៅទូទាំងស្រុក”។

លោក នី សុផារ៉ាន់ នាយកប្រតិបត្តិអង្គការអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីធានាថាកុមារគ្រប់រូបទទួលបានឱកាសក្នុងការរីកចម្រើន និងលូតលាស់។ “ការផ្លាស់ប្ដូរប្រកបដោយនិរន្តរភាព អាចសម្រេចបានតាមរយៈភាពជាដៃគូដ៏រឹងមាំ និងភាពជាម្ចាស់របស់សហគមន៍។ តាមរយៈកម្មវិធីអភិវឌ្ឍន៍ស្រុកចិត្របុរី យើងនឹងធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ សាលារៀន មណ្ឌលសុខភាព ថ្នាក់ដឹកនាំជំនឿ អ្នកស្ម័គ្រចិត្តសហគមន៍ និងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងលើចំណុចខ្លាំងដែលមានស្រាប់ និងដោះស្រាយឬសគល់នៃភាពក្រីក្រ និងងាយរងគ្រោះ ដែលប៉ះពាល់ដល់កុមារ និងគ្រួសារ។ រួមគ្នា យើងអាចពង្រីកឱកាសឱ្យកុមារមានសុខភាពល្អ ទទួលបានការការពារ ការអប់រំ និងត្រូវបានពង្រឹងសមត្ថភាពឱ្យអាចឈានទៅសម្រេចសក្តានុពលពេញលេញរបស់ពួកគេ ព្រមទាំងពង្រឹងភាពធន់របស់សហគមន៍សម្រាប់មនុស្សជំនាន់ក្រោយៗទៀត”។

កម្មវិធីនេះក៏ស្របតាមអាទិភាពអភិវឌ្ឍន៍ថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ហើយមានបំណងពង្រឹងសមត្ថភាពសហគមន៍ឱ្យក្លាយជាកម្លាំងដឹកនាំការកែលម្អសុខុមាលភាពកុមារ និងភាពធន់ប្រកបដោយចីរភាព តាមរយៈវិធីសាស្ត្រដែលផ្អែកលើការចូលរួម និងការដឹកនាំរបស់សហគមន៍៕


Khcct banner

អត្ថបទទាក់ទង