ភ្នំពេញ៖ សៀវភៅ «យុទ្ធសាស្ត្រត្រីកោណ ឆ្អឹងខ្នងសន្តិភាពកម្ពុជា» ត្រូវបានស្រាវជ្រាវ និងចងក្រងដោយ លោក អៀង ពិសី នាយករងខុទ្ធកាល័យសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។លោកបានចំណាយពេលចុះស្រាវជ្រាវនៅតាម តំបន់ព្រំដែន កម្ពុជា ថៃ វៀតណាម និងឡាវ និងតំបន់អតីតសមរភូមិអស់រយៈពេលជាង ៥ឆ្នាំ ដើម្បីប្រមូលព័ត៌មាន និងចាយពេលជាង ១ឆ្នាំទៀត ដើម្បីសរសេរ និងបំពេញលក្ខខណ្ឌគ្រប់គ្រាន់ឱ្យក្លាយជាសៀវភៅដ៏មានគុណប្រយោជន៍សម្រាប់អ្នកសិក្សា។
នៅថ្ងៃទី ១៩ តុលា ឆ្នាំ២០២៦នេះ លោក អៀង ពិសី បានប្រកាសចេញផ្សាយជាផ្លូវការ សៀវភៅ «យុទ្ធសាស្ត្រត្រីកោណ ឆ្អឹងខ្នងសន្តិភាពកម្ពុជា» ដោយមានការចូលរួមដោយលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា,លោក ឌី បញ្ញា អគ្គលេខាធិការរង ព្រឹទ្ធសភា និងលោក កែវ សុម៉ាលី នាយករងខុទ្ទកាល័យសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
សៀវភៅ «យុទ្ធសាស្ត្រត្រីកោណ ឆ្អឹងខ្នងសន្តិភាពកម្ពុជា» មានកម្រាស់ចំនួន ១១១១ ទំព័រ ជាមួយការដាក់បញ្ជូនរូបភាព សម្តេច ហ៊ុន សែន ចំនួន ២៤ សន្លឹក ចែកចេញជា ៤វគ្គ និងឧបសម្ព័ន្ធគាំទ្រអត្ថន័យសៀវភៅចំនួន ៤។សៀវភៅនេះ ត្រូវបានលោក អៀង ពិសី អះអាងថា នឹងផ្តល់គុណប្រយោជន៍ ១៧ ចំណុចដល់អ្នកចូលចិត្តអាន និងប្រវត្តិសាស្ត្រកម្ពុជា ស្តីពី នយោបាយឈ្នះ ឈ្នះ, ព្រឹត្តិការណ៍បង្រួបបង្រួមជាតិខ្មែរឡើងវិញ នៅឆ្នាំ១៩៩៦, ការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង, យុទ្ធសាស្ត្រត្រីកោណ,គុណតម្លៃនៃសន្តិភាព,ការចូលជាសមាជិកអាស៊ានរបស់កម្ពុជានៅ ឆ្នាំ ១៩៩៩, ការកសាងជាតិឡើងវិញ, ការកែទម្រង់ស៊ីជម្រៅនូវរចនាសម្ព័ន្ធរដ្ឋបាល និងម៉ាក្រូសេដ្ឋកិច្ច,ការផ្តល់កម្មសិទ្ធិដីធ្លី,យុទ្ធសាស្ត្រកែប្រែអតីតតំបន់ និងអភិវឌ្ឍន៍ សមរភូមិក្តៅគគុក និងការកសាងទំនុកចិត្តពីសហគមន៍អន្តរជាតិ ជាដើម។
ថ្លែងក្នុងពិធីសម្ពោធសៀវភៅនេះ លោក អៀង ពិសី ក្នុងនាមជាអ្នកចងក្រង និងស្រាវជ្រាវ បានសម្តែងពីមោទកភាពដែលទទួលបានឱកាសពីថ្នាក់ដឹកនាំ ជាពិសេស សម្តេច ហ៊ុន សែន ដើម្បីស្រាវជ្រាវ និងចងក្រងសៀវភៅនេះឡើង។ លោកសង្ឃឹមថា សៀវភៅនេះ នឹងក្លាយជាកញ្ចក់ ឆ្លុះបញ្ចាំងពីការពិតនៃប្រវត្តិសាស្ត្រនយោបាយរបស់កម្ពុជា ហើយបើកកកាយពីរឿងរ៉ាវពិតពីយុទ្ធសាស្ត្រត្រីកោណ ដែលជា«ឆ្អឹងខ្នង» ដ៏រឹងមាំសម្រាប់ការត្រួសត្រាយផ្លូវឆ្ពោះទៅការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី១ ដល់ទី៤ ហើយបន្តដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១៕