ប៉ារីស៖ លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានលើកឡើងថា អ្នកបញ្ជាទិញអន្តរជាតិ មានការចាប់អារម្មណ៍ច្រើនមកលើផលិតផលរបស់ខ្មែរ ក្នុងពិព័រណ៍ម្ហូបអាហារនៅប៉ារីស ក្រោយកម្ពុជាបានបង្ហាញកសិផលខ្មែរ មានដូចជាអង្ករ ស្វាយចន្ទី កាហ្វេ ម្រេច ផ្លែឈើសម្ងួត គ្រឿងទេស ម្ហូបពាក់កណ្តលសម្រេច និងផលិតផលជាច្រើនទៀត។
លោកបណ្ឌិត កៅ ថាច មានប្រសាសន៍ថា “ដោយសារកសិកម្មដើរតួនាទីស្នូលនៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា ដូច្នេះ ការចូលរួមនៅក្នុងពិព័រណ៍ម្ហូបអាហារលំដាប់ពិភពលោកមួយនេះ គឺជាកិច្ចការសំខាន់ និងជាឱកាសដែលអាចឱ្យក្រុមហ៊ុននិងសហគ្រាសរបស់យើងបានភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកបញ្ជាទិញអន្តរជាតិកាន់តែច្រើនថែមទៀតហើយយើងសង្កេតឃើញថា មានការចាប់អារម្មណ៍ច្រើនមកលើផលិតផលរបស់ខ្មែរយើងនាពេលនេះ” ។
នៅសាលតាំងបង្ហាញ ឬពន្លាជាតិកម្ពុជា មានតាំងផលិតផលកសិ-កែច្នៃ ដែលមានគុណភាពខ្ពស់ និងស្របតាមស្តង់ដាអន្តរជាតិ ផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាកែច្នៃទំនើប ប្រព័ន្ធតាមដាន និងចីរភាពនៃផលិតកម្ម។ ពន្លាជាតិកម្ពុជា (Cambodia Pavilion)នេះត្រូវបានរៀបចំឡើង ដោយោមានការសហការពីសហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ក្នុងគោលដៅជំរុញការនាំចេញផលិតផលរបស់ខ្មែរ ព្រមទាំងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។ នេះជាលើកទីបីហើយ ដែលកម្ពុជាចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារមួយនេះ បន្ទាប់ពីបានចូលរួមលើកទីមួយនៅឆ្នាំ ២០១៤ និងលើកទីពីរនៅឆ្នាំ ២០២៤។
គួររម្លឹកថា ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិនេះ ប្រព្រឹត្តទៅពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែតុលា និងមានប្រមាណ ៨០០០ ក្រុមហ៊ុនមកពី ១៣០ ប្រទេសចូលរួម។ តំណាងពីកម្ពុជា មានការចូលរួមពីលោកណ្ឌិត កៅ ថាច ព្រមជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា ក្រសួងពាណិជ្ជកម្ម និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន សហគ្រាស ខ្មែរចំនួន ១៦ បានចូលរួម៕