Khmer suport khmer cc time

រដូវវស្សាឆ្នាំ២០២៦ នឹងបញ្ចប់នៅសប្តាហ៍ទី៣ ខែតុលា ខណៈបាតុភូតកម្តៅ«អែលនីញ៉ូ» នឹងបន្តរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា រដូវវស្សាឆ្នាំ២០២៦ នៅកម្ពុជា នឹងបញ្ចប់នៅសប្តាហ៍ទី៣ នៃខែតុលានេះ ខណៈបាតុភូតអែលនីញ៉ូ (El Niño) ត្រូវបានព្យាករថា នឹងបន្តមានឥទ្ធិពលរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ដែលអាចធ្វើឱ្យបរិមាណទឹកភ្លៀងមានកម្រិតទាបក្នុងរដូវប្រាំងខាងមុខ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ការតាមដាន និងវិភាគស្ថានភាពអាកាសធាតុ រួមទាំងការប្រែប្រួលសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច មហាសមុទ្រឥណ្ឌា និងតំបន់អេក្វាទ័រ បង្ហាញថា ប្រព័ន្ធសម្ពាធបរិយាកាស និងទិសដៅខ្យល់មូសុង កំពុងផ្លាស់ប្តូរពីរដូវវស្សាទៅរដូវប្រាំង។

ក្រសួងបានបញ្ជាក់ថា ការថយចុះឥទ្ធិពលខ្យល់មូសុងនិរតី និងការកើនឡើងឥទ្ធិពលខ្យល់មូសុងឦសាន នឹងធ្វើឱ្យបរិមាណទឹកភ្លៀងថយចុះជាបន្តបន្ទាប់។ ជាមួយគ្នានេះ បាតុភូតអែលនីញ៉ូ ត្រូវបានព្យាករថានឹងស្ថិតក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។

ទោះបីកម្ពុជាកំពុងឈានចូលរដូវប្រាំងក៏ដោយ ក៏បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងបាតុភូតអាកាសធាតុផ្សេងៗទៀត អាចនៅតែកើតមាននៅតាមតំបន់មួយចំនួននៃប្រទេស។

ជុំវិញស្ថានភាពនេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ និងចូលរួមថែរក្សាប្រភពទឹកដែលមានស្រាប់ ដើម្បីត្រៀមលក្ខណៈសម្រាប់តម្រូវការប្រើប្រាស់ទឹកក្នុងរដូវប្រាំងខាងមុខ។ ក្រសួងនឹងបន្តតាមដានស្ថានភាពអាកាសធាតុ និងជូនដំណឹងដល់សាធារណជន ប្រសិនបើមានការប្រែប្រួលសំខាន់ៗ៕

Khcct banner

អត្ថបទទាក់ទង