Khmer suport khmer cc time

អាជ្ញាធរខេត្តព្រះវិហារ អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន ក្រោយ«ហ្វូងដំរីព្រៃ ៦ក្បាល» បានបម្លាស់ទីមកដល់ស្រុកគូលែន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ព្រះវិហារ៖ អាជ្ញាធរដែនដី និងមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានរកឃើញនិងតាមដានដំណើរ ហ្វូងដំរីព្រៃចំនួន ៦ក្បាល ដែលបានបម្លាស់ទីចល័តចេញពីចំណុចស្រោង ក្នុងភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត ឆ្ពោះមកកាន់តំបន់កញ្ចាំង និងចំណុចក្តុលកោង ស្ថិតក្នុងភូមិសាស្ត្រឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។

ការរកឃើញនេះ បន្ទាប់ពីក្រុមការងារអន្តរស្ថាប័នដឹកនាំដោយគណៈអភិបាលស្រុកគូលែន ព្រមទាំងមន្ត្រីជំនាញ បានប្រើប្រាស់ឧបករណ៍ដ្រូន (Drone) បង្ហោះត្រួតពិនិត្យពីលើអាកាស ដើម្បីស្វែងរកចំណុចលាក់ខ្លួន ឬទីតាំងដែលហ្វូងដំរី កំពុងជ្រកកោន និងរកចំណីនៅក្នុងព្រៃនៃដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ ក្នុងនោះ រកឃើញហ្វូងដំរីព្រៃ មានចំនួន៦ក្បាល មានកូនដំរីចំនួន១ ក្បាលផងដែរ កំពុងរកចំណីស្នាក់នៅក្នុង គុម្ពព្រៃ និងមែកឈើ។

អាជ្ញាធរខេត្តព្រះវិហារ បានអំពាវនាវឱ្យប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយសារហ្វូងដំរីព្រៃចល័តចូល ក្នុងភូមិសាស្ត្រស្រុកគូលែន និងណែនាំឱ្យពលរដ្ឋផ្អាកការធ្វើដំណើរ ឬបោះតង់ស្នាក់នៅក្បែរដីព្រៃ និងតំបន់ស្ទឹងសែនជាបណ្តោះអាសន្ន។ ម្យ៉ាងទៀត ហាមដាច់ខាតការដេញតាម ឬការប្រើប្រាស់ឧបករណ៍ធំៗបាញ់គំរាម ដែលអាចធ្វើឱ្យសត្វដំរីតក់ស្លុត និងងាកមកវាយប្រហារមនុស្សវិញ។

មន្ត្រីជំនាញអភិរក្ស បានបញ្ជាក់ថា តំបន់ទាំងនេះគឺជាច្រករបៀង និងជាកន្លែងដែលហ្វូងដំរីធ្លាប់រស់នៅ និងត្រាច់ចររកចំណីជាប្រចាំពីមុន។ បច្ចុប្បន្ន ក្រុមការងារចម្រុះកំពុងបន្តស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈ និងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធានាបាននូវសុខសុវត្ថិភាព ទាំងសម្រាប់ប្រជាពលរដ្ឋ និងកិច្ចអភិរក្សសត្វព្រៃនៅក្នុងតំបន់ការពារ៕


Khcct banner

អត្ថបទទាក់ទង