ភ្នំពេញ៖ កម្ពុជានឹងរងឥទ្ធិពលពីព្យុះត្រូពិចថ្មីមួយទៀតឈ្មោះ «ចម្ពី» (Champi) ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយនៅតាមតំបន់មួយចំនួន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពអាកាសធាតុនៅកម្ពុជាក្នុងអំឡុងពេលនេះ នឹងមានការប្រែប្រួលទៅតាមតំបន់ ដោយតំបន់វាលទំនាប និងតំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ ខណៈតំបន់ខ្ពង់រាបក៏មានឱកាសទទួលរងភ្លៀងផងដែរ។
សម្រាប់តំបន់វាលទំនាប សីតុណ្ហភាពអប្បបរមាមានប្រមាណ ២៤អង្សាសេ និងអតិបរមា ៣៣អង្សាសេ ដោយមានឱកាសធ្លាក់ភ្លៀងប្រមាណ ៤០%។ ចំណែកតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា ២៤អង្សាសេ និងអតិបរមា ៣១អង្សាសេ ដោយមានឱកាសធ្លាក់ភ្លៀងប្រមាណ ៣០%។
ដោយឡែក តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាមានប្រមាណ ២៥អង្សាសេ និងអតិបរមា ៣៤អង្សាសេ ហើយមានឱកាសធ្លាក់ភ្លៀងប្រមាណ ៤០%។ រលកសមុទ្រអាចមានកម្ពស់ចាប់ពី ០,៥ម៉ែត្រ ដល់ ១,៧៥ម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តតាមដានព័ត៌មានអាកាសធាតុ និងបង្កើនការប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុក្នុងអំឡុងពេលនេះ៕