Swift cc time

ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរដាក់កម្លាំងតាមដាន«ហ្វូងដំរីព្រៃ»ក្រោយហេតុការណ៍វាយប្រហារនាំឱ្យ កុមារម្នាក់បានស្លាប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះវិហារ៖ ក្រុមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានដាក់កម្លាំងតាមដានយ៉ាងយកចិត្តទុកដាក់ លើរាល់សកម្មភាពចល័តរបស់ហ្វូងដំរីព្រៃ ក្នុងគោលបំណងបង្ការគ្រោះថ្នាក់ ជាយថាហេតុ និងកាត់បន្ថយជម្លោះរវាងមនុស្សនិងសត្វព្រៃ បន្ទាប់ពីមានករណីហ្វូងដំរីព្រៃ បានប៉ះពាល់ លើរោងស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋ នាយប់ថ្ងៃទី១៣ ខែតុលាកន្លងទៅនៅក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្រុមការងារបានចុះល្បាត និងតាមដានដានជើង ក៏ដូចជាទិសដៅចល័តរបស់ហ្វូងដំរីទាំងនោះ ដើម្បីដឹងច្បាស់ថា ពួកវាកំពុងស្ថិតនៅតំបន់ណា និងដើម្បីទប់ស្កាត់ កុំឱ្យពួកវាខិតជិតចូលមកកាន់ទីប្រជុំជន ឬចម្ការរបស់ពលរដ្ឋ។ ក្រុមការងារបានបន្តអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ផ្អាកការចូលព្រៃជ្រៅ ឬការបោះជំរំ/រោងស្នាក់នៅបណ្តោះអាសន្ននៅក្នុងតំបន់ព្រៃដែលជាច្រកចល័តរបស់ដំរី។ លើសពីនេះមន្ត្រីជំនាញបានណែនាំពលរដ្ឋអំពីវិធីសាស្ត្របង្ការការពារកុំឱ្យមានជម្លោះជាមួយដំរី ដូចជាការប្រើប្រាស់សំឡេង ឬពន្លឺ ជៀសវាងដាច់ខាតនូវការប្រើប្រាស់អាវុធ ឬឧបករណ៍ ដែលអាចបង្ករបួសស្នាម ឬគ្រោះថ្នាក់ដល់ជីវិតសត្វដំរីព្រៃទាំងនោះ។

តាមការបញ្ជាក់ពីមន្ទីរបរិស្ថាន វត្តមានសត្វដំរីព្រៃនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ តែងតែធ្វើការចល័តចុះឡើងរវាងដែនជម្រកសត្វព្រៃនៅតាមបណ្តោយជួរភ្នំដងរ៉ែក ចន្លោះពី១០ទៅ២០ក្បាល។ ជាមួយគ្នានេះក្រុមការងារចម្រុះ កំពុងបន្តស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈ និងតាមដានយ៉ាងដិតដល់បំផុត ដើម្បីធានាបាននូវសុខសុវត្ថិភាព ទាំងសម្រាប់ប្រជាពលរដ្ឋ និងការអភិរក្សសត្វព្រៃនៅក្នុងតំបន់។

ឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋបាលខេត្តព្រះវិហារ បានណែនាំឲ្យអជ្ញាធរមូលដ្ឋានដែលនៅជាប់នឹងដែនអភិរក្ស ជាពិសេសតំបន់ដែលមានវត្តមានដំរីឆ្លងកាត់ និងរកសុី ឲ្យផ្សព្វផ្សាយទូលំទូលាយជូនប្រជាពលរដ្ឋដែលចេញចូលប្រមូលអនុផលព្រៃឈើឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងណែនាំឲ្យរៀបចំយន្តការសុវត្តិភាពនៅតាមភូមិឋាន ជាពិសេសរៀបចំប្រព័ន្ធជូនដំណឹងដល់ស្ថាប័នមានសមត្ថកិច្ចឲ្យបាមទាន់ពេលវេលា។ ដោយឡែក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណ:អភិបាលខេត្តព្រះវិហារ បាននាំយកជំនួយសប្បុរសធម៌ និងថវិកា ជាអំណោយដ៏ថ្លៃថ្លារបសសម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ក្រុមគ្រួសារជនរងគ្រោះ និងចូលបុណ្យផងដែរ។

គួររំលឹកផងដែរថា កាលពីវេលាម៉ោងប្រមាណ ៨:១០ នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ មានករណីដ៏សោកសង្រេងមួយបានកើតឡើង ដោយមានហ្វូងដំរីព្រៃប្រមាណ ៥ ទៅ ៦ ក្បាល បានចូលមករុះរើរោងស្នាក់នៅបណ្តោះអាសន្ន របស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់សម្រាប់សម្រាក ដើម្បីរកត្រី នៅចំណុចកញ្ចាំង ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ឧបទ្ទវហេតុនេះបានត្រូវក្រុមការងារបានជួយសង្រ្គោះ និងបាននាំយកជនរងគ្រោះចំនួន២នាក់ ទៅសង្រ្គោះនៅមន្ទីរពេទ្យ ក្នុងនោះ កុមារាចំនួន១នាក់  អាយុ ១១ ឆ្នាំ ស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ និងស្ត្រីជាម្តាយ អាយុ ៤៩ ឆ្នាំ រងរបួសធ្ងន់ និងកំពុងសម្រាកនៅមន្ទីរពេទ្យ។

Khcct banner

អត្ថបទទាក់ទង