Swift cc time

គិតត្រឹមថ្ងៃទី១៤ តុលា ពលរដ្ឋនៅខេត្តពោធិ៍សាត់ចំនួន ១,៣២៤គ្រួសារ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ គិតត្រឹមថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២៦ ឃុំចំនួន១១ (ស្មើនឹង ៤៧ភូមិ) និងប្រជាពលរដ្ឋ ចំនួន១,៣២៤គ្រួសារ បានទទួលរងផលប៉ះពាល់ នៃជំនន់ទឹកភ្លៀង។ បច្ចុប្បន្ននេះ លោកអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យ និងវាយតម្លៃផ្ទាល់អំពីផលប៉ះពាល់ ដើម្បីរៀបចំផែនការអន្តរាគមន៍ផ្តល់ស្បៀងជួយសង្គ្រោះបឋម ជូនប្រជាពលរដ្ឋរងគ្រោះនាពេលឆាប់ៗខាងមុខ។

បើតាមរបាយការណ៍របស់រដ្ឋបាលស្រុកក្រគរ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២៦ ឃុំចំនួន១១ (ស្មើនឹង ៤៧ភូមិ) បានទទួលរងផលប៉ះពាល់ នៃជំនន់ទឹកភ្លៀង ប្រជាពលរដ្ឋ ចំនួន១,៣២៤គ្រួសារ, ផ្លូវថ្នល់រងការលិចលង់ ៥៧ខ្សែ ប្រវែងសរុប១៧,៥៣៥ម៉ែត្រ)។ ភូមិទាំង៦ ក្នុងឃុំឈើតុំ ទទួលរងផលប៉ះពាល់ខ្លាំងជាងគេ គឺភូមិកប៉ាស់លើ, ភូមិកប៉ាស់, ភូមិបំណក់, ភូមិដង្កៀបក្ដាម, ភូមិទួលត្បែង និងភូមិក្រាំងខឿន ដែលមានប្រជាពលរដ្ឋរងផលប៉ះពាល់ សរុប៩៥៦គ្រួសារ។

ដោយឡែក កាលពីវេលាម៉ោង ១០:០០យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ អ្នកជំងឺ ១៥២នាក់ ដែលបានស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាបណ្តោះអាសន្ននៅ សាលាស្រុកក្រគរ និងស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកក្រគរ បន្ទាប់ពីទីតាំងមន្ទីរពេទ្យបង្អែកស្រុកក្រគរ បានរងការជន់លិចយ៉ាងដំណំដោយសារជំនន់ទឹកភ្លៀង។

គួរបញ្ជាក់ថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ចុះពិនិត្យ និងវាយតម្លៃផ្ទាល់អំពីផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំឈើតុំ ស្រុកក្រគរ ព្រមទាំងរៀបចំផែនការអន្តរាគមន៍ផ្តល់ស្បៀងជួយសង្គ្រោះបឋម ជូនប្រជាពលរដ្ឋរងគ្រោះនាពេលឆាប់ៗខាងមុខ៕


Khcct banner

អត្ថបទទាក់ទង