Swift cc time

មន្ទីរពេទ្យព្រះអង្គឌួង នឹងរៀបចំកម្មវិធីពិនិត្យភ្នែក ផ្តល់វ៉ែនតា និងវះកាត់ភ្នែក ឥតគិតថ្លៃ ជូនពលរដ្ឋ ៥ពាន់នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ មន្ទីរពេទ្យព្រះអង្គឌួង នឹងសហការជាមួយមូលនិធិ ហ្វ្រេដ ហូឡូ (Fred Hollows Foundation Cambodia) រៀបចំកម្មវិធីពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ភ្នែកដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ៥ពាន់នាក់ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យព្រះអង្គឌួង កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់ នៅក្នុងបរិវេណសាលាបឋមសិក្សាភ្នំពេញថ្មី ដែលមានទីតាំងនៅផ្លូវលេខ១០១៩ (មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ) ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមរយៈកម្មវិធីនេះ ប្រជាពលរដ្ឋចំនួន ៥ពាន់នាក់ នឹងទទួលបានសេវាពិនិត្យសុខភាពភ្នែក ការផ្តល់វ៉ែនតា និងការវះកាត់ភ្នែកដោយឥតគិតថ្លៃ ដើម្បីជួយដោះស្រាយបញ្ហាសុខភាពភ្នែក និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

អាស្រ័យហេតុនេះ មន្ទីរពេទ្យព្រះអង្គឌួង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពភ្នែក អញ្ជើញទៅទទួលសេវាពិនិត្យ និងព្យាបាលនៅទីតាំង និងពេលវេលាដែលបានកំណត់ខាងលើ៕

Khcct banner

អត្ថបទទាក់ទង