Swift cc time

អ្នកជំងឺ ១៥២នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព ក្រោយមន្ទីរពេទ្យបង្អែកស្រុកក្រគរ បានរងការជន់លិចដោយសារជំនន់ទឹកភ្លៀង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ប្រភពរូបភាព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ អ្នកជំងឺ ១៥២នាក់ ដែលបានស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាបណ្តោះអាសន្ននៅ សាលាស្រុកក្រគរ និងស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកក្រគរ បន្ទាប់ពីទីតាំងមន្ទីរពេទ្យបង្អែកស្រុកក្រគរ បានរងការជន់លិចយ៉ាងដំណំដោយសារជំនន់ទឹកភ្លៀង។

បើតាមរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១០:០០យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយកងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យ បានសហការគ្នា បានធ្វើអន្តរាគមន៍ ជម្លៀសប្រជាពលរដ្ឋជាអ្នកជំងឺចំនួន ១៥២នាក់ បន្ទាប់ពីទីតាំងមន្ទីរពេទ្យបង្អែកស្រុកក្រគរ បានរងការជន់លិចយ៉ាងដំណំដោយសារជំនន់ទឹកភ្លៀង។

បច្ចុប្បន្នប្រជាពលរដ្ឋជាអ្នកជំងឺទាំងអស់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាបណ្តោះអាសន្ន រួមមាន សាលាស្រុកក្រគរ និងស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកក្រគរ ដើម្បីទទួលបានការស្នាក់នៅ មើលថែទាំ និងបន្តការព្យាបាលប្រកបដោយសុវត្ថិភាព។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀងនេះ ដោយត្រូវប្រុងប្រយ័ត្នមើលថែទាំកុមារតូចៗ និងមនុស្សចាស់ឱ្យបានល្អ និងត្រូវប្រយ័ត្នប្រយែងចំពោះសត្វអាសិរពិសផ្សេងៗ។ លើសពីនេះ បងប្អូនត្រូវប្រកាន់ខ្ជាប់នូវអនាម័យល្អ រក្សាការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីការពារ និងទប់ស្កាត់ការផ្ទុះឡើងនៃជំងឺឆ្លងផ្សេងៗដែលបង្កឡើងដោយទឹកជំនន់ ហើយក្នុងករណីមានអាសន្ន ឬបញ្ហាសុខភាព ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងទៅកាន់ក្រុមគ្រូពេទ្យជាបន្ទាន់៕


Khcct banner

អត្ថបទទាក់ទង