ភ្នំពេញ៖ លោកឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានប្រកាសឆ្លើយតបការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Al Jazeeraថា អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ខណៈតំបន់អភិវឌ្ឍន៍ Long Bay ត្រូវបានបង្ក្រាប។
លោក ឆៃ ស៊ីណារិទ្ធ បានបំភ្លឺថា ករណីតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា មិនបានបណ្តែតបណ្តោយឱ្យទីតាំងនេះ ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាក់ស្តែងកាលពីខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចបានរកឃើញអគារមួយចំនួននៅក្នុងបរិវេណសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងសកម្មឆបោកអនឡាញ ដែលពួកក្រុមឧក្រិដ្ឋជនបានរត់គេចចេញ និងបន្សល់ទុកនូវភស្តុតាងជាច្រើនមានការជាប់សង្ស័យធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយអាជ្ញាធរសមត្ថកិច្ចខេត្តកោះកុងបានឃាត់ខ្លួនមុខសញ្ញាសង្ស័យមួយចំនួន និងរឹបអូសវត្ថុតាង ដើម្បីបម្រើការស្រាវជ្រាវសើបអង្កេត ព្រមទាំងបានបិទសៀល និងគ្រប់គ្រងទីតាំងខាងលើនេះយ៉ាងម៉ត់ចត់។
បន្ថែមពីនេះ កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះពិនិត្យ និងតាមដានវឌ្ឍនភាពដោយផ្ទាល់នៅតាមទីតាំង ដែលសមត្ថកិច្ចកំពុងគ្រប់គ្រងក្នុងខេត្តកោះកុង និងបានណែនាំឱ្យអាជ្ញាធរ សមត្ថកិច្ចទទួលខុសត្រូវ គ្រប់គ្រងទីតាំង វត្ថុតាង និងសើបអង្កេតឱ្យបានម៉ឺងម៉ាត់បំផុត។
ចំពោះបុគ្គលមានឈ្មោះ Deng Pibing សមត្ថកិច្ចកម្ពុជាបាននិងកំពុងស្រាវជ្រាវសើបអង្កេត សកម្មភាពសង្ស័យពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា បុគ្គលឈ្មោះ Deng Pibing បានចាកចេញពីប្រទេសកម្ពុជាតាំងពីអំឡុងចុងខែឧសភា ឆ្នាំ២០២៦។ តាមប្រភពព័ត៌មានជំនាញ បានរកឃើញថា បុគ្គលឈ្មោះ Deng Pibing នេះត្រូវបាននគរបាលអន្តរជាតិ Interpol ដាចេញ និវេទក្រហម(red list) ។
គួរបញ្ជាក់ថា សារព័ត៌មានអន្តរជាតិ Al Jazeera បានចាក់ផ្សាយភាពយន្តឯកសារបែបស៊ើបអង្កេតពិសេសមួយ ដោយបានលាតត្រដាងពីគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតធំ នៅក្នុងតំបន់តារាសាគរ ខេត្តកោះកុង គឺ Long Bay ដែលមានជាប់ពាក់ព័ន្ធជាមួយឧកញ៉ា តឹង ភីពីង (Deng Pibing) ពាណិជ្ជករដើមកំណើតចិន និងមានសញ្ជាតិខ្មែរ ដែលម្ចាស់ក្រុមហ៊ុន Zhengheng Group ។ក្នុងវីដេអូនោះ បានចោទថា Long Bay មានលាក់បាំងទីតាំង Online Scams និងសកម្មភាពពាក់ព័ន្ធនឹងគ្រឿងញៀន៕