ភ្នំពេញ៖ ក្រសួងធនធានទឹក នាថ្ងៃទី១០ តុលា បានជូនដំណឹងអំពីការប្រែប្រួលអាកាសធាតុសម្រាប់ឆ្នាំ២០២៦ ដោយរដូវវស្សា នឹងបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ខាងមុខនេះ។ ដោយឡែក បាតុភូតអែលនីញ៉ូ (El Niño) ស្ថិតនៅក្នុងកម្រិត ១០០% ដែលនឹងបង្កឱ្យមានបរិមាណទឹកភ្លៀងក្នុងកម្រិតខ្សោយជាមួយ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។
បើតាមសេចក្តីប្រកាស ស្ថានភាពវិវត្តន៍ប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាង លិច និងមហាសមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័របានបង្ហាញឱ្យឃើញថា ប្រព័ន្ធសម្ពាធបរិយាកាសទិសដៅខ្យល់ មូសុងនិរតី និងការវិវត្តនៃប្រព័ន្ធពពកទឹកភ្លៀងក្នុងតំបន់ និងស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា កំពុងឈានទៅរកការផ្លាស់ប្តូរពីរដូវវស្សាទៅរដូវប្រាំង។
ការបញ្ចប់ឥទ្ធិពលរបបខ្យល់មូសុងនិរតី និងការកើនឡើង នៃឥទ្ធិពលខ្យល់មូសុងឦសាន ព្រមទាំងការថយចុះនៃបរិមាណទឹកភ្លៀងជាបន្តបន្ទាប់ នឹងធ្វើឱ្យរដូវវស្សាប្រចាំឆ្នាំ ២០២៦ បញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ហើយបាតុភូតអែលនីញ៉ូ (El Niño) នឹងស្ថិតនៅក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ និងធ្វើឱ្យខ្យល់មូសុងឦសាននាំមកនូវបរិមាណទឹកភ្លៀងក្នុងកម្រិតខ្សោយជាមួយ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងបាតុភូតអាកាសធាតុមួយចំនួនទៀតដែលអាចកើតមានឡើងនៅក្នុងតំបន់មួយចំនួននៃ ប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះ ក្រសួងធនធានទឹក បានណែនាំឱ្យសាធារណជនមេត្តាចូលរួមក្នុងការប្រើប្រាស់ ទឹកដោយសន្សំសំចៃ និងចូលរួមថែរក្សាប្រភពទឹកទុកសម្រាប់រដូវប្រាំងនាពេលខាងមុខដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់៕