Swift cc time

Al Jazeera លាតត្រដាងអាថ៌កំបាំងអាណាចក្រជំនួញឧកញ៉ា តឹង ភីពីង ដើមកំណើតចិន ពីគម្រោង Long Bay នៅតារាសាគរ រងការចោទប្រកាន់ថា លាក់បាំងទីតាំងឆបោកអនឡាញ និងសកម្មភាពគ្រឿងញៀន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សារព័ត៌មានអន្តរជាតិ Al Jazeera បានចាក់ផ្សាយភាពយន្តឯកសារបែបស៊ើបអង្កេតពិសេសមួយ ដោយបានលាតត្រដាងពីគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតធំ នៅក្នុងតំបន់តារាសាគរ ខេត្តកោះកុង គឺ Long Bay ដែលមានជាប់ពាក់ព័ន្ធជាមួយឧកញ៉ា តឹង ភីពីង (Deng Pibing) ពាណិជ្ជករដើមកំណើតចិន និងមានសញ្ជាតិខ្មែរ ដែលម្ចាស់ក្រុមហ៊ុន Zhengheng Group ។ក្នុងវីដេអូនោះ បានចោទថា Long Bay មានលាក់បាំងទីតាំង Online Scams និងសកម្មភាពពាក់ព័ន្ធនឹងគ្រឿងញៀន។

ភាពយន្តឯកសារបែបស៊ើបអង្កេតនេះ មានរយៈពេលប្រមាណ ២៤នាទីនេះ ដោយក្រុមអ្នកសារព័ត៌មាន Al Jazeera បន្លំខ្លួនជាតំណាងក្រុមហ៊ុនល្បែងអនឡាញខ្នាតធំមកពីហ្វីលីពីន បានទាក់ទងលោក តឹង ភីពីង និងដៃគូអាជីវកម្មរបស់លោក ដើម្បីស្វែងយល់ពីសកម្មភាពនៅក្នុងគម្រោង Long Bay ដោយក្រុមអ្នកព័ត៌មានជួបបុរសម្នាក់ឈ្មោះ ហុង ឡី (Hong Lei) ដែលប្រើឈ្មោះថា Martin នៅរាជធានីភ្នំពេញ។ បុរសរូបនេះអះអាងថា ខ្លួនជាជនជាតិចិន និងបានចាប់ផ្តើមធ្វើការឱ្យឧកញ៉ា តឹង ភីពីង ចាប់តាំងពីដើមឆ្នាំ ២០២៤។

ក្នុងកិច្ចពិភាក្សា អ្នកសារព័ត៌មានសម្ងាត់ បានអះអាងថា អាជ្ញាធរហ្វីលីពីន បង្កើនការបង្ក្រាបល្បែងអនឡាញ និងសកម្មភាពឆបោក ពួកគេចង់ផ្លាស់ប្តូរអាជីវកម្មទៅកាន់ទីតាំងដែលមានសុវត្ថិភាពជាងមុន។បន្ទាប់ពីពិភាក្សាគ្នារយៈពេលពីរថ្ងៃ Martin បានអញ្ជើញក្រុមអ្នកសារព័ត៌មាន ទៅពិនិត្យគម្រោង Long Bay នៅតារាសាគរ។

គម្រោង Long Bay ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតារាសាគរ ខេត្តកោះកុង ហើយត្រូវបានផ្សព្វផ្សាយថា ជាគម្រោងទេសចរណ៍លំដាប់អន្តរជាតិ រួមបញ្ចូលលំនៅឋាន កន្លែងកម្សាន្ត និងរមណីយដ្ឋានប្រណីត។ទោះជាយ៉ាងណា ក្រុមស៊ើបអង្កេតបានរកឃើញថា អគារមួយចំនួនត្រូវបានផ្សព្វផ្សាយថា ជាលំនៅឋានប្រណីត មានការយាមកាម និងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ខណៈអ្នកស្នាក់នៅមិនអាចចេញចូលដោយសេរីបានឡើយ។

បន្ទាប់មក ក្រុមអ្នកសារព័ត៌មាន ត្រូវបានបុរសម្នាក់ដែលគេណែនាំថា ជាដៃគូអាជីវកម្មរបស់ឧកញ៉ា តឹង ភីពីង មានត្រកូល លីន (Lin) នាំទៅទស្សនាអគារការិយាល័យ អគារស្នាក់នៅ អាហារដ្ឋាន ផ្សារទំនើប និងកន្លែងកម្សាន្តនានា នៅក្នុងបរិវេណគម្រោង។ លោក លីន អះអាងថា នៅក្នុងទីតាំងនេះមានបុគ្គលិកប្រមាណ ៦០០០នាក់ ហើយបុគ្គលិកមួយចំនួនដែលធ្វើសកម្មភាពឆបោក អាចរកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ។

លោកបន្ថែមថា ដោយសារទីតាំងមានលក្ខណៈបិទជិត និងបុគ្គលិក មិនមានជម្រើសច្រើនក្នុងការទិញទំនិញនៅខាងក្រៅ ទំនិញក្នុងផ្សារទំនើបនៅទីនោះត្រូវបានលក់ ក្នុងតម្លៃខ្ពស់ជាងទីផ្សារខាងក្រៅ។លោក លីន ក៏បានបង្ហាញអគារការិយាល័យថ្មីៗ ដោយអះអាងថា អគារកម្ពស់ ៧ជាន់ចំនួន១០ខ្នង ត្រូវបានសាងសង់រួចរាល់ ហើយការិយាល័យទាំងអស់ ត្រូវបានជួលអស់ហើយ។ ចំណែកអាហារដ្ឋានដំណើរការ ២៤ម៉ោង ដើម្បីបម្រើបុគ្គលិកធ្វើការតាមតំបន់ពេលវេលាផ្សេងៗគ្នា។

ភាពយន្តឯកសារ បានបញ្ជាក់ថា លោកឧកញ៉ា តឹង ភីពីង ក៏បានព្យាយាមលក់ដីនៅក្នុងគម្រោងនេះទៅឱ្យអ្នកវិនិយោគ ដើម្បីឱ្យពួកគេសាងសង់ និងដំណើរការទីតាំងអាជីវកម្មបិទជិតដោយឯករាជ្យ។ជំនួបជាមួយ ឧកញ៉ា តឹង ភីពីង និងការបង្ហាញទីតាំងកម្សាន្តប្រណីត បន្ទាប់ពីចុះពិនិត្យទីតាំង ក្រុមអ្នកសារព័ត៌មានសម្ងាត់ បានជួបឧកញ៉ា តឹង ភីពីង ដោយផ្ទាល់។

យោងតាម Al Jazeera ឧកញ៉ា តឹង ភីពីង មកនៅកម្ពុជា កាលពីប្រមាណ២០ឆ្នាំមុន ធ្វើការងារដំបូងជាអ្នកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន មុនក្លាយជាអ្នកជំនួញមានទ្រព្យសម្បត្តិច្រើន និងជាបុគ្គលដែលចូលរួមសកម្មភាពសប្បុរសធម៌។ នៅឆ្នាំ២០២៣ រដ្ឋាភិបាលអង់គ្លេស បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនមួយដែលពាក់ព័ន្ធនឹងលោកដោយសារការជាប់ពាក់ព័ន្ធនឹងសកម្មភាពបង្ខំឱ្យធ្វើការ និង ការឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងគម្រោង Long Bay។

ឧកញ៉ា តឹង ភីពីង ក៏ត្រូវបានគេចាប់អារម្មណ៍ ចំពោះទំនាក់ទំនងជាមួយ លោក She Zhijiang មេក្លោងបណ្តាញឧក្រិដ្ឋកម្មរស់នៅប្រទេសថៃ។លោក She Zhijiang ធ្លាប់ត្រូវបានអាម៉េរិកដាក់ទណ្ឌកម្មពាក់ព័ន្ធការជួញដូរមនុស្ស និង ការឆបោកតាមប្រព័ន្ធអនឡាញ។ ក្រោយមក លោកត្រូវបានធ្វើបត្យាប័នពីប្រទេសថៃទៅប្រទេសចិន ពាក់ព័ន្ធ Online Scams។

ក្នុងកិច្ចសន្ទនាជាមួយក្រុមអ្នកសារព័ត៌មាន លោក តឹង ភីពីង ទទួលស្គាល់ថា លោកនិងលោក She Zhijiang ជាមិត្តភក្តិនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ភាពយន្តឯកសារបង្ហាញថា នៅយប់នោះ វេលាជិតម៉ោង១១ លោក តឹង ភីពីង បាននាំក្រុមអ្នកសារព័ត៌មាន ទៅទស្សនាកន្លែងកម្សាន្ត នៅក្នុងគម្រោងដោយផ្ទាល់។ លោកបានណែនាំថា ទីតាំងនេះមានបន្ទប់ខារ៉ាអូខេប្រណីតជាង ២០បន្ទប់ បំពាក់អេក្រង់ LED ធំៗ និងប្រព័ន្ធសំឡេងទំនើប។ បន្ទប់នីមួយៗចំណាយថវិកាសាងសង់ និងបំពាក់សម្ភារៈរហូតដល់រាប់សែនដុល្លារ សម្រាប់បម្រើតែបុគ្គលិកក្នុងគម្រោង និងថៅកែប៉ុណ្ណោះ។

Al Jazeera បានបន្តរាយការណ៍ថា ក្រុមឆបោកមួយចំនួន បានរៀបចំពិធីជប់លៀងប្រណីត ដើម្បីផ្តល់រង្វាន់ដល់បុគ្គលិកដែលសម្រេចបានលទ្ធផលខ្ពស់។ ពិធីជប់លៀងមួយអាចចំណាយប្រាក់រាប់ម៉ឺនដុល្លារ និងមានការពាក់ព័ន្ធនឹងគ្រឿងស្រវឹង ស្ត្រីបម្រើសេវាផ្លូវភេទ និង គ្រឿងញៀន។បន្ថែមលោក តឹង ភីពីង បានអះអាងថា រូបគេមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីប៉ូលិសកម្ពុជា ហើយប្រាក់ដែលពួកគេរកបាន ត្រូវបានយកទៅបើកប្រាក់ខែឱ្យប៉ូលិស។

ក្នុងវីដេអូនោះ លោក តឹង ភីពីង បានរៀបចំឱ្យក្រុមអ្នកសារព័ត៌មាន ជិះរថយន្តប៉ូលិស លោកប្រើប្រាស់ផ្ទាល់ និងធ្វើដំណើរជាមួយក្បួនរថយន្តប៉ូលិសទៅកាន់ទីតាំងមួយផ្សេងទៀត និងបានបង្ហាញមុខមន្ត្រីអនុវត្តច្បាប់ ព្រមទាំងបុគ្គលពាក់ព័ន្ធមួយចំនួននៅកម្ពុជា។តែមន្ត្រីមួយចំនួន បានបដិសេធការជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោក ឬការមានទំនាក់ទំនងអាជីវកម្មជាមួយលោកឧកញ៉ា តឹង ភីពីង។

នៅខែមករា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជា បានបង្កើនប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងខុសច្បាប់នៅទូទាំងប្រទេស ហើយក្នុងនោះមានការចុះឆែកឆេរគម្រោង Long Bay ដែរ។ក្រោយមក Al Jazeera បានទាក់ទងទៅ Martin ម្តងទៀត។បុរសរូបនេះបានអះអាងថា លោក តឹង ភីពីង បានទទួលការណែនាំឱ្យចាកចេញពីកម្ពុជា ប៉ុន្មានថ្ងៃមុនពេលលោក ចេន ជី (Chen Zhi) ត្រូវបានចោទប្រកាន់ថា ជាមេក្លោងបណ្តាញឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងក្រុមហ៊ុន Prince Group ត្រូវបានចាប់ខ្លួននៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។

កម្មវិធី «101 East» បានផ្ញើសំណួរលម្អិតទៅកាន់ លោក តឹង ភីពីង ដើម្បីស្នើសុំការឆ្លើយតប ចំពោះការចោទប្រកាន់នានាដែលបានលើកឡើងក្នុងការស៊ើបអង្កេត។ ប៉ុន្តែរហូតដល់ពេលចាក់ផ្សាយភាពយន្តឯកសារ ក្រុមការងារមិនទាន់ទទួលបានការឆ្លើយតបពីលោកឡើយ ហើយរហូតមកដល់ពេលនេះ ទីកន្លែងស្នាក់នៅពិតប្រាកដរបស់ លោក តឹង ភីពីង ក៏នៅតែមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ។

សូមបញ្ជាក់ថា ខ្លឹមសារខាងលើ ផ្អែកលើការស៊ើបអង្កេតរបស់ Al Jazeera ហើយការចោទប្រកាន់ទាំងនេះមិនមានន័យថា បុគ្គលដែលត្រូវបានលើកឈ្មោះ ត្រូវបានតុលាការរកឃើញថា មានពិរុទ្ធភាពនោះឡើយ៕


Khcct banner

អត្ថបទទាក់ទង