ភ្នំពេញ៖ ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល ១៥ថ្ងៃ អាជ្ញាធរនិងបណ្តាក្រុមហ៊ុនផ្តល់សេវាប្រមូលសំរាម បានប្រមូលទុកដាក់សំរាម ទៅទីលានក្នុងរាជធានីភ្នំពេញ មានចំនួន ៥៥ ៦៤៨តោន។ចំនួននេះ មានចំនួនថយចុះចំនួន ៩,៩៣% បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៥។នេះបើយោងតាមរបាយការណ៍ពីសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង (ស.ទ.ស.)។
យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថា ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល ១៥ថ្ងៃ នៅឆ្នាំ២០២៦នេះ សំរាម បានប្រមូលទុកដាក់សំរាម ទៅទីលានក្នុងរាជធានីភ្នំពេញ មានចំនួន ៥៥ ៦៤៨តោន ថយចុះចំនួន ៩,៩៣% បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥ ដែលមាន ៦១៧៨៦តោន។ការថយចុះនេះ កើតឡើងដោយការបង្កើនចំណេះដឹងក្នុងការទុកដាក់សំរាម និងសំណល់ប្លាស្ទិក ការថែរក្សាអនាម័យ នៅតាមវត្តអារាម និងតាមមូលដ្ឋានរៀងៗខ្លួន នៅក្នុងអំឡុងពេលរដូវបុណ្យភ្ជុំបិណ្ឌ មានភាពល្អប្រសើរជាងមុន។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ ថា នៅរដូវបុណ្យភ្ជុំបិណ្ឌ១៥ថ្ងៃ តាមវត្តអារាម ភាគច្រើនមានសណ្តាប់ធ្នាប់ល្អ មានធុងសំរាម ឬកន្លែងទុកដាក់ធុងសំរាមបានស្អាតល្អ ដែលបង្ហាញពីការចូលរួមចំណែក យ៉ាងសកម្មពីព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ។ ការគ្រប់គ្រង និងទុកដាក់សំរាមបានល្អនៅក្នុងរដូវបុណ្យទាន គឺជាកាតព្វកិច្ច និងការចូលរួមយ៉ាងសកម្មដែលមិនអាចខ្វះបានទាំងពីភាគីអាជ្ញាធរ និងប្រជាពលរដ្ឋ។ នៅពេលដែលភាគីទាំងពីរស្វែងរកចំណុចប្រសព្វរួមគ្នា វានឹងបង្កើតបានជាវប្បធម៌រស់នៅស្អាត និងលើកកម្ពស់មុខមាត់សង្គមជាតិទាំងមូល។
សូមបញ្ជាក់ថា ក្នុងមួយថ្ងៃៗ កម្ពុជាបង្កើតសំរាមសរុបជាង ១១,៥០០ តោន (ឬជាង ៤ លានតោនក្នុងមួយឆ្នាំ)ក្នុងរាជធានីភ្នំពេញ បញ្ចេញសំរាមចន្លោះពី៤០០០ ទៅ៤៥០០តោន ក្នុង១ថ្ងៃ។ ទិន្នន័យខាងលើបានបង្ហាញថា សំរាមប្រហែល ៧០% ទៅ ៨០%ប៉ុណ្ណោះ ដែលត្រូវបានប្រមូលជាផ្លូវការយកទៅ ទុកដាក់នៅតាមទីលាន។នេះបើយោងតាមក្រសួងបរិស្ថាន។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្តអំពាវនាវ និងលើកទឹកចិត្តដល់សាធារណជនទាំងអស់ ឱ្យបន្តចលនា ដើម្បីក្លាយទម្លាប់ល្អ ក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ ដើម្បីរកភូមិឋាន និងកម្ពុជាមានភាពស្អាត៕