ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ សហការជាមួយក្រសួងកិច្ចការនារី ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍អមដ៏ធំមួយដែលមានឈ្មោះថា «ហ្វ្រង់កូតិច-FrancoTech» ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។«ហ្វ្រង់កូតិច-FrancoTech» នឹងក្លាយជាវេទិកាជួបជុំគណៈប្រតិភូជាន់ខ្ពស់ ព្រមទាំងរួមបញ្ចូលនូវពិព័រណ៍បច្ចេកវិទ្យានិងនវានុវត្តន៍ ការប្រកួតប្រជែងនវានុវត្តន៍ឌីជីថល វេទិកាវិនិយោគ និងជំនួបផ្គូផ្គងធុរកិច្ច។
យោងតាមគេហទំព័រ ក្រសួងប្រៃសណីយ៍ ព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះ រៀបចំឡើងក្នុងក្របខណ្ឌដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោមមូលបទ «សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ»។ កម្មវិធីនេះទទួលបានការសហការរៀបចំពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្ព័ន្ធសភាប្រើភាសាបារាំង (APF) និងដៃគូពាក់ព័ន្ធជាច្រើនទៀត។
«ហ្វ្រង់កូតិច-FrancoTech» នឹងក្លាយជាវេទិកាជួបជុំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាល ថ្នាក់ដឹកនាំស្ថាប័ន អ្នកជំនាញ ក្រុមហ៊ុនបច្ចេកវិទ្យា វិនិយោគិន និងធុរជនមកពីបណ្តាប្រទេសនិយាយភាសាបារាំង ដើម្បីចែករំលែកចំណេះដឹង បទពិសោធ យុទ្ធសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកវិទ្យា និងការវិនិយោគ ព្រមទាំងតភ្ជាប់សហគមន៍ហ្វ្រង់កូហ្វូនីទៅកាន់តំបន់អាស៊ាន។
ព្រឹត្តិការណ៍នេះ នឹងមានកម្មវិធីសំខាន់ៗជាច្រើន រួមមាន ពិព័រណ៍បច្ចេកវិទ្យានិងនវានុវត្តន៍ ការប្រកួតប្រជែងនវានុវត្តន៍ឌីជីថល វេទិកាវិនិយោគ និងជំនួបផ្គូផ្គងធុរកិច្ច។ ទន្ទឹមនឹងនេះ ក៏មានវេទិកាពិភាក្សាដេញដោលស៊ីជម្រៅលើប្រធានបទស្នូលចំនួន ៧ រួមមាន និរន្តរភាពនិងការប្រែប្រួលអាកាសធាតុ, បញ្ញាសិប្បនិម្មិត (AI), រដ្ឋាភិបាលឌីជីថល, បច្ចេកវិទ្យាហិរញ្ញវត្ថុនិងបរិយាបន្នហិរញ្ញវត្ថុ, បច្ចេកវិទ្យាកសិកម្មនិងសន្តិសុខស្បៀង, ធុរកិច្ចឌីជីថលនិងនវានុវត្តន៍, ស្ត្រីនៅក្នុងនវានុវត្តន៍ និងបច្ចេកវិទ្យាសម្រាប់វិស័យទេសចរណ៍និងវប្បធម៌។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងកិច្ចការនារី បានអំពាវនាវឱ្យបណ្តាក្រសួង-ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យា ប្រតិបត្តិករទូរគមនាគមន៍ និងសហគ្រាសធុរកិច្ចឌីជីថលទាំងអស់ ចូលរួមតាំងបង្ហាញដំណោះស្រាយឌីជីថល និងបច្ចេកវិទ្យារបស់ខ្លួនឱ្យបានទូលំទូលាយ។ លើសពីនេះ ថ្នាក់ដឹកនាំ ធុរជន ម្ចាស់ក្រុមហ៊ុន សិស្ស និស្សិត និងសាធារណជនទូទៅ ក៏ត្រូវបានលើកទឹកចិត្តឱ្យចូលរួមដើម្បីស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ និងចាប់យកឱកាសធុរកិច្ច។ សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះចូលរួម សាធារណជនអាចចូលទៅកាន់គេហទំព័រផ្លូវការ https://francotech.gov.kh៕