កំពត៖ ថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ នៅខេត្តកំពតមានហេតុការណ៍ក្មេងៗប្រុសស្រីសរុបចំនួន៥នាក់ បានលង់ទឹក នៅចំណុចឆ្នេរមុខមន្ទីរពេទ្យបង្អែកខេត្ត (ជិតបាតដៃសុភមង្គល) ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។ក្នុងហេតុការណ៍នោះ កម្លាំងកងរាជអាវុធហត្ថ ក្រុងកំពត បានជួយសង្គ្រោះក្មេងបានចំនួន ៤ នាក់ ខណៈក្មេងប្រុស ម្នាក់ទៀតបានស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក។
យោងតាមរបាយការណ៍ពីកម្លាំងកងរាជអាវុធហត្ថ ក្រុងកំពត បានគូសបញ្ជាក់ថា នៅវេលាម៉ោង១៦:៣០នាទីល្ងាចថ្ងៃទី១២ខែតុលា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថ ក្រុងកំពត ដឹកនាំដោយលោក វរសេនីយ៍ទោ សន សុខឿន មេបញ្ជាការអហក្រុងកំពត សហការជាមួយកម្លាំងអន្តរាគមន៍អ.ហខេត្ត បានចូលជួយសង្គ្រោះ ករណីក្មេងៗចុះលេងទឹកបណ្ដាលឲ្យលង់ចំនួន៥នាក់ស្រី២នាក់និងប្រុស៣នាក់ នៅចំណុចឆ្នេរមុខមន្ទីរពេទ្យបង្អែកខេត្ត (ជិតបាតដៃសុភមង្គល)ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
ជាលទ្ធផលជួយសង្គ្រោះបាន៤នាក់ និងម្នាក់ទៀតរកឃើញនៅម៉ោង ១៧:៤០នាទីមានឈ្មោះ អែម ភក្ដី ភេទប្រុស អាយុ៧ឆ្នាំបានដាច់ខ្យល់ស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក។