ភ្នំពេញ៖ អង្គការ UNICEF នៅកម្ពុជា បានលើកឡើងថា កុមារ ១,៣ លាននាក់ នៅកម្ពុជា ប្រឈមនឹងហានិភ័យអាកាសធាតុបង្កដោយបាតុភូត El Niño (អែលនីញ៉ូ)។ បាតុភូតនេះអាចធ្វើឱ្យខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ និងទឹកសម្រាប់បង្កបង្កើនផល ដែលបង្កើតសម្ពាធលើប្រាក់ចំណូលគ្រួសារ ព្រមទាំងបង្ករការរំខានដល់ការសិក្សា និងសេវាសុខាភិបាល។
ក្នុងខ្លឹមសាររបស់អង្គការ UNICEF បានលើកឡើងថា បាតុភូត El Niño (អែលនីញ៉ូ) ឆ្នាំ២០២៦-២០២៧ ត្រូវបានព្យាករណ៍ថានឹងមានឥទ្ធិពលខ្លាំងក្លារជាងឆ្នាំរាល់ដង។ កុមារជាង ៣៤៧ លាននាក់នៅតាមបណ្តាប្រទេសជិត ១០០ ទូទាំងពិភពលោក ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងស្ថានភាពធាតុអាកាសស្ងួតហួតហែង ឬសើមខុសពីធម្មតា។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា កុមារប្រមាណ ១,៣ លាននាក់នៅកម្ពុជា ប្រឈមនឹងហានិភ័យបម្រែបម្រួលអាកាសធាតុបង្កដោយ បាតុភូត El Niño។
សម្រាប់គ្រួសារនីមួយៗ បាតុភូតនេះអាចធ្វើឱ្យខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ និងទឹកសម្រាប់បង្កបង្កើនផល ដែលបង្កើតសម្ពាធលើប្រាក់ចំណូលគ្រួសារ ព្រមទាំងបង្ករការរំខានដល់ការសិក្សា និងសេវាសុខាភិបាលផងដែរ។ តាមការវាយតម្លៃចុងក្រោយបានបង្ហាញថា សាលារៀនជាង ៣.៨៧២ ខ្នង និងមណ្ឌលសុខភាពចំនួន ៤០១ កន្លែង (ត្រូវជាប្រមាណមួយភាគបីនៃសាលារៀន និងមណ្ឌលសុខភាពទាំងអស់នៅទូទាំងប្រទេស) កំពុងស្ថិតក្នុងហានិភ័យនៃការរងគ្រោះដោយគ្រោះធម្មជាតិរួមមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងទៀត។
គួរបញ្ជាក់ថា El Niño គឺជាបាតុភូតអាកាសធាតុធម្មជាតិមួយដែលកើតឡើងដោយសារសីតុណ្ហភាពផ្ទៃសមុទ្រប៉ាស៊ីហ្វិកកើនឡើងក្តៅជាងធម្មតា។ បាតុភូតនេះបង្កឱ្យមានការប្រែប្រួលរបបទឹកភ្លៀង និងសីតុណ្ហភាពនៅទូទាំងពិភពលោក ដែលបណ្តាលឲ្យតំបន់ខ្លះជួបវិបត្តិគ្រោះរាំងស្ងួត និងការកើនឡើងកម្ដៅខ្លាំង ខណៈតំបន់ខ្លះទៀតជួបប្រទះការធ្លាក់ភ្លៀងគំហុក និងគ្រោះទឹកជំនន់។ ការប្រែប្រួលអាកាសធាតុដ៏ធ្ងន់ធ្ងរទាំងនេះ អាចប៉ះពាល់យ៉ាងខ្លាំងដល់ប្រភពទឹក ស្បៀងអាហារ ជីវភាពរស់នៅ និងសេវាចាំបាច់នានាដែលកុមារត្រូវការពឹងផ្អែកជាប្រចាំ៕