Swift cc time

មហោស្រពរូបថតភ្នំពេញលើកទី១៧ បង្ហាញស្នាដៃសិល្បៈថតរូបចម្រុះ នៅទីតាំងសំខាន់ៗចំនួន១១ ក្នុងរាជធានីភ្នំពេញ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ មហោស្រពរូបថតភ្នំពេញលើកទី១៧ ឆ្នាំ២០២៦ បានត្រឡប់មកជួបអ្នកគាំទ្រសិល្បៈថតរូបជាថ្មី ដោយនាំយកស្នាដៃរូបថតបែបសិល្បៈ ប្រវត្តិសាស្ត្រ និងសម័យទំនើបមកបង្ហាញនៅទីតាំងសំខាន់ៗចំនួន១១ ក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ «ជាផ្ទះ ទោះនៅទីណាក៏ដោយ»។

មហោស្រពឆ្នាំនេះ ក៏ជាផ្នែកមួយនៃការប្រារព្ធខួប២០០ឆ្នាំនៃកំណើតវិស័យថតរូប ដែលផ្តួចផ្តើមដោយក្រសួងវប្បធម៌បារាំង។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំព្រឹត្តិការណ៍ និងស្ថាប័នជាង១.០០០ នៅជុំវិញពិភពលោក ឱ្យចូលរួមក្នុងការប្រារព្ធខួបជាប្រវត្តិសាស្ត្រនេះ។

នៅឆ្នាំ២០២៦ មហោស្រពរូបថតភ្នំពេញត្រូវបានរៀបចំឡើងស្របពេលនឹងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលមានសារៈសំខាន់ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់។ កិច្ចប្រជុំនេះក៏ជាកិច្ចប្រជុំកំពូលលើកទី២ ដែលរៀបចំនៅតំបន់អាស៊ីក្នុងរយៈពេលជិត២០ឆ្នាំ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ។

ក្នុងបរិបទនេះ មហោស្រពរូបថតភ្នំពេញបានចូលរួមលើកកម្ពស់ភាពសម្បូរបែបនៃសិល្បៈថតរូប និងបើកឱកាសឱ្យសិល្បករមកពីមជ្ឈដ្ឋានផ្សេងៗបង្ហាញទស្សនៈ និងបទពិសោធន៍របស់ខ្លួនទៅកាន់សហគមន៍អន្តរជាតិ។

ប្រធានបទ «ជាផ្ទះ ទោះនៅទីណាក៏ដោយ» លើកឡើងពីសំណួរពាក់ព័ន្ធនឹងអារម្មណ៍នៃការជាកម្មសិទ្ធិ និងទំនាក់ទំនងរបស់មនុស្សជាមួយទីកន្លែង និងសហគមន៍ដែលខ្លួនរស់នៅ។ ក្នុងពិភពលោកដែលមនុស្សកាន់តែមានទំនាក់ទំនងគ្នាជិតស្និទ្ធ តើមនុស្សអាចរក្សាចំណងទាក់ទងជាមួយទីកន្លែង បទពិសោធន៍ និងអនុស្សាវរីយ៍ដែលបានចូលរួមបង្កើតអត្តសញ្ញាណរបស់ខ្លួនបានយ៉ាងដូចម្តេច ខណៈពេលដែលបើកចិត្តទទួលយកពិភពលោកដែលធំទូលាយជាងមុន?

ភាសាដែលយើងនិយាយ មនុស្សដែលយើងស្រឡាញ់ អនុស្សាវរីយ៍ដែលយើងរក្សាទុក សហគមន៍ដែលយើងរស់នៅ ទេសភាពជុំវិញខ្លួន ព្រមទាំងតម្លៃ និងជំនឿរបស់យើង សុទ្ធតែជាកត្តាដែលជួយបង្កើតអារម្មណ៍នៃការចងភ្ជាប់ និងភាពជាកម្មសិទ្ធិ។ ទន្ទឹមនឹងនេះ កត្តាទាំងនេះក៏អាចភ្ជាប់មនុស្សម្នាក់ទៅនឹងសហគមន៍ និងពិភពលោកដែលធំទូលាយជាងខ្លួនផងដែរ។

មហោស្រពរូបថតភ្នំពេញឆ្នាំ២០២៦ បើកទំព័រថ្មី

មហោស្រពរូបថតភ្នំពេញឆ្នាំ២០២៦ ក៏ជាចំណុចរបត់ថ្មីមួយផងដែរ ដោយបានអនុវត្តវិធីសាស្ត្ររៀបចំពិព័រណ៍បែបសហការ ដែលប្រមូលផ្តុំអ្នកសម្របសម្រួល និងអ្នកជំនាញមកពីប្រទេសផ្សេងៗ។

ក្រុមការងាររៀបចំមហោស្រពបច្ចុប្បន្នមានសមាសភាពដូចជា Marie LE MOUNIER (បារាំង/ស្វ៊ីស), ម៉ឹង មេត្តា (កម្ពុជា), Isabelle LE MINH (បារាំង), សុវណ្ណ ភីឡុង (កម្ពុជា) និង SAM I-shan (សិង្ហបុរី)។

ការសហការនេះមានគោលបំណងពង្រឹងមូលដ្ឋានរបស់មហោស្រពនៅកម្ពុជា និងក្នុងតំបន់ ព្រមទាំងបើកទូលាយឱ្យមានទស្សនៈចម្រុះ និងជំរុញកិច្ចសន្ទនាអំពីសិល្បៈថតរូបឱ្យកាន់តែស៊ីជម្រៅ។

សាធារណជនអាចស្វែងយល់ និងទស្សនាស្នាដៃរូបថតសិល្បៈ ប្រវត្តិសាស្ត្រ និងសហសម័យ តាមរយៈស្នាដៃរបស់សិល្បករ និងសិល្បការិនីជាច្រើនរូប រួមមាន៖ Jean BOULBET, Arnold FOKAM, Émile GSELL, ហ៊ុល កញ្ញា, កែវ ពនីតា, ខ្វៃ សំណាង, គឹម ហាក់, គង់ រស្មី, លឹម សុខចាន់លីណា, Gosette LUBONDO, ម៉ក់ រ៉េមីស្សា, ម៉ៅ សុវណ្ណចាន់ឌី, មាន ពិសី, ម៉ិច សេរីរ័ត្ន, នាក់ សុផល, Flora NGUYEN, Richard PAK, រាហ្វាអែល ប៉ិច, ព្រហ្ម អ៊ីរ៉ូ, Rima SAMMAN, Ashley SCHNEITER, សុខ រីណា, សុវណ្ណ ភីឡុង, Arina STARYKH, Beat STREULI, Pasha RAFIY, Ismaël ROUBERT និង Daniel WAGENER។

ក្រៅពីនេះ ក៏មានការបង្ហាញស្នាដៃរបស់សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាពីស្ទូឌីយ៉ូ អ៊ីមេចស៍ ផ្ទះរូបថត ផងដែរ។

ពិព័រណ៍នៅទីតាំងសំខាន់ៗចំនួន១១ ក្នុងរាជធានីភ្នំពេញ

ពិព័រណ៍រូបថត និងព្រឹត្តិការណ៍ពាក់ព័ន្ធនឹងមហោស្រព ត្រូវបានរៀបចំនៅទីតាំងសំខាន់ៗចំនួន១១ ក្នុងរាជធានីភ្នំពេញ រួមមាន៖

១. ស្ថានទូតបារាំងប្រចាំកម្ពុជា

២. វិទ្យាស្ថានបារាំងកម្ពុជា

៣. អាកាសយានដ្ឋានអន្តរជាតិតេជោ

៤. សារមន្ទីរជាតិកម្ពុជា

៥. Friends Futures Factory (F3)

៦. ផ្ទះហ៊ីរ៉ូស៊ីម៉ា

៧. ស្ទូឌីយ៉ូ អ៊ីមេចស៍ ផ្ទះរូបថត

៨. ប្រោន (ផ្ទះ វណ្ណ ម៉ូលីវណ្ណ)

៩. ទីសំចត

១០. មជ្ឈមណ្ឌលបុប្ផាណា

១១. Lumière។

តាមរយៈការបង្ហាញស្នាដៃថតរូបចម្រុះ និងការប្រមូលផ្តុំសិល្បករមកពីប្រទេសផ្សេងៗ មហោស្រពរូបថតភ្នំពេញបន្តដើរតួនាទីជាវេទិកាសម្រាប់ការផ្លាស់ប្តូរវប្បធម៌ ការបង្ហាញទស្សនៈសិល្បៈ និងការភ្ជាប់ទំនាក់ទំនងរវាងសិល្បករកម្ពុជា និងសហគមន៍អន្តរជាតិ៕


Khcct banner

អត្ថបទទាក់ទង