Swift cc time

១០ថ្ងៃដើមខែតុលា នគរបាលជាតិបង្ក្រាប«ក្រុមក្មេងទំនើង និងអ្នកវក់ល្បែង»ជិត៩០នាក់ បញ្ជូនទៅតុលាការ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្នុងរយៈពេល១០ថ្ងៃ ដើមខែតុលា ឆ្នាំ២០២៦នេះ នគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបន្តចុះបង្ក្រាបក្រុមក្មេងទំនើង និងអ្នកវក់ល្បែង សរុបចំនួន៨៧នាក់ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ តួលេខនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីដើមខែកញ្ញា ថយចុះចំនួន៣២នាក់ ។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

តាមរបាយការណ៍ ក្នុងចំណោមបទល្មើសទាំងពីរ ករណីក្មេងទំនើងមាន១៤ករណី ឃាត់ខ្លួន៥៦នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។ ចំណែកករណីល្បែងស៊ីសង មាន៧ករណី ឃាត់ខ្លួនមនុស្ស៣១នាក់ ក្នុងនោះ ២៨នាក់ បញ្ជូនទៅតុលាការ និង ៣នាក់ទៀត អប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ 

ផ្អែកតាមច្បាប់កម្ពុជា ការលេងល្បែងស៊ីសង និងទំនើងបង្កហិង្សាជាដើម ត្រូវប្រឈមបទល្មើសជាច្រើន មានចែងក្នុងក្រមព្រហ្មទណ្ឌ។ មាត្រា ២១៧ បទហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ៦លានរៀល។ករណីប្រព្រឹត្តដោយគិតទុកជាមុន ប្រើអាវុធឬគំរាមកំហែងនឹងអាវុធ និងធ្វើសកម្មភាពដោយមានមនុស្សច្រើននាក់ តាមមាត្រា ២១៨ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លាន ទៅ ១០លានរៀល៕

Khcct banner

អត្ថបទទាក់ទង