កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានជូនដំណឹងពីការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត នៅតាមបណ្ដោយសួនមាត់ស្ទឹងសែន ចំនួន០២ថ្ងៃគឺ នៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
ការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្តនេះ មានគោលបំណងដើម្បីបង្កលក្ខណៈជូនប្រជាពលរដ្ឋ និងសាធារណជន បានកម្សាន្ត សប្បាយរីករាយ និងចូលរួមអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនាពេលខាងមុខ។ ម្យ៉ាងទៀត នៅពេលរាត្រី ក៏មានរៀបចំពិធីបណ្តែតប្រទីប បង្ហោះគោម បាញ់កាំជ្រួច និងការប្រគុំតន្ត្រី ជូនទស្សនាកម្សាន្តផងដែរ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកំពង់ធំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់អញ្ជើញចូលរួមកម្សាន្តសប្បាយរីករាយឲ្យបានច្រើនកុះករ ដើម្បីជាការរួមចំណែកលើកស្ទួយវប្បធម៌ប្រពៃណីជាតិ៕