Swift cc time

ក្រសួងសុខាភិបាល ពិនិត្យវឌ្ឍនភាព និងលទ្ធភាពពង្រីកសេវាវះកាត់ផ្សាំសរីរាង្គ (ផ្សាំតម្រងនោម) ទៅកាន់បណ្តាមន្ទីរពេទ្យជាតិផ្សេងៗទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ប្រភពរូបភាព៖ ក្រសួងសុខាភិបាល

ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទី១៣ តុលា បានជួបប្រជុំពិភាក្សាជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិនិត្យវឌ្ឍនភាព និងដំណើរការបច្ចេកទេស នៃការអនុវត្តគម្រោងវះកាត់ផ្សាំសរីរាង្គ (ជាពិសេសការផ្សាំតម្រងនោម)។ បន្ថែមពីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំនៃមន្ទីរពេទ្យជាតិផ្សេងៗទៀត ដើម្បីពិនិត្យលទ្ធភាពពង្រីកសេវានេះទៅកាន់បណ្តាមន្ទីរពេទ្យជាតិផ្សេងៗទៀតនាពេលខាងមុខ។

នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងគោលបំណងប្រមូលផ្តុំធនធានក្រុមគ្រូពេទ្យជំនាញ ពង្រឹងការតភ្ជាប់បណ្តាញសហប្រតិបត្តិការអន្តរមន្ទីរពេទ្យ និងពិនិត្យលទ្ធភាពពង្រីកសេវានេះទៅកាន់បណ្តាមន្ទីរពេទ្យជាតិផ្សេងៗទៀតនាពេលខាងមុខ។

នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានផ្តល់នូវការណែនាំជាយុទ្ធសាស្ត្រដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យបច្ចេកទេសវះកាត់ផ្សាំសរីរាង្គ ដោយផ្តោតលើចំណុចគន្លឹះរួមមាន ការពង្រឹងសមត្ថភាព៖ ត្រូវបន្តបង្កើនការបណ្តុះបណ្តាលជំនាញឯកទេសឱ្យបានច្បាស់លាស់ និងស៊ីជម្រៅ។ ការកសាងក្របខណ្ឌស្តង់ដា៖ ត្រូវរៀបចំឱ្យមានស្តង់ដា និងពិធីសារវេជ្ជសាស្ត្រ (Protocol) ត្រឹមត្រូវ ព្រមទាំងមានការចែករំលែកបទពិសោធន៍រវាងក្រុមគ្រូពេទ្យឯកទេស។ កិច្ចសហប្រតិបត្តិការអន្តរជាតិ៖ ត្រូវសហការឱ្យបានស្អិតរមួតជាមួយអ្នកជំនាញអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេស បន្តការបណ្តុះបណ្តាល និងធានាឱ្យបាននូវនិរន្តរភាពនៃការផ្តល់សេវាក្នុងរយៈពេលវែង។

ជាទីបញ្ចប់ លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ និងក្រើនរំលឹកដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវ «គោលការណ៍ស្នូលទាំង ៤» ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ រួមមាន៖ ១. ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ២. ត្រូវធានាសុវត្ថិភាពខ្ពស់បំផុតជូនអ្នកជំងឺ ៣. ត្រូវមានសីលធម៌វិជ្ជាជីវៈ និង ៤. ត្រូវមានសមធម៌ក្នុងការបម្រើសេវាពុំមានការរើសអើង។

គួររំលឹកថា មន្ទីរពេទ្យកាល់ម៉ែត ជាមួយភាគីបារាំងមកពីមន្ទីរពេទ្យ Hospices Civils de Lyon បានសហការគ្នាអនុវត្តគម្រោងវះកាត់ផ្សាំសរីរាង្គ (ផ្សាំតម្រងនោម) នៅមន្ទីរពេទ្យកាល់ម៉ែត។ នាពេលថ្មីៗនេះ ក្រុមគ្រូពេទ្យកម្ពុជា និងបារាំង នៃមន្ទីរពេទ្យកាល់ម៉ែត បានវះកាត់ប្តូរក្រលៀនដោយជោគជ័យជូនអ្នកជំងឺជាគ្រូបង្រៀនម្នាក់មកពីខេត្តព្រៃវែង បន្ទាប់ពីអ្នកជំងឺរូបនេះបានទទួលការលាងឈាមជាប្រចាំដោយសារជំងឺខ្សោយតម្រងនោម៕

Khcct banner

អត្ថបទទាក់ទង