ភ្នំពេញ៖ ក្រោយបុណ្យភ្ជុំ១ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ១៣ តុលា ដល់ព្រឹកថ្ងៃទី ១៤ តុលា ឆ្នាំ២០២៦នេះ មន្ទីរពេទ្យគន្ធបុប្ផា បានជួយសង្គ្រោះកុមារកម្ពុជា បានចំនួន ៥៥៩៣នាក់ ដែលមកទទួលពិនិត្យព្យាបាលនៅផ្នែកពិគ្រោះក្រៅ និងមានកុមារតូចៗប្រមាណ៨៧១នាក់ មានជំងឺធ្ងន់ធ្ងរ ហើយតម្រូវឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។នេះបើយោងតាមការចេញផ្សាយរបស់ទំព័រផ្លូវការ Dr. Beat Richner នៃមន្ទីរពេទ្យគន្ធបុប្ផា។
យោងតាមការចេញផ្សាយរបស់ទំព័រផ្លូវការ Dr. Beat Richner នៃមន្ទីរពេទ្យគន្ធបុប្ផា បានបង្ហាញទិន្នន័យពិនិត្យ និងសង្គ្រោះបន្ទាន់ក្នុងរយៈពេលមួយថ្ងៃម្សិលមិញនេះ រួមមាន កុមារពិនិត្យជំងឺក្រៅ៖ មានកុមារចំនួន ៥ ៥៩៣ នាក់ ត្រូវបានពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ (OPD)។ ក្នងនោះ កុមារដែលមានសភាពជំងឺធ្ងន់ធ្ងរចំនួន ៩៧១ នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលក្នុងមន្ទីរពេទ្យក្នុងមួយថ្ងៃម្សិលមិញ។ ខណៈ កុមារកំពុងសម្រាកព្យាបាលសរុបបច្ចុប្បន្ន មានកុមារសរុបចំនួន ៣ ៧២២ នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ (IPD)។
គួររម្លឹកថា រាល់សេវាពិនិត្យ និងព្យាបាលជំងឺទាំងអស់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា គឺត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់អ្នកជំងឺគ្រប់ៗរូប ដោយគ្មានការរើសអើងឡើយ។ ជាមួយគ្នានេះ មន្ទីរពេទ្យក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកកម្ពុជាទាំងអស់ចំនួន ២ ៨០០ នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារទាំងយប់ទាំងថ្ងៃប្រកបដោយវិជ្ជាជីវៈខ្ពស់៕