កណ្ដាល៖ លោក សុខ វាសនា ជំរុញឱ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងការចេញ-ចូលរបស់ជនបរទេស ការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងទិន្នន័យ ដើម្បីធានាបាននូវសន្តិសុខជាតិ និងសុវត្ថិភាពសង្គម។ ការលើកឡើងនេះ ក្នុងពិធីប្រកាសផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ជាផ្លូវការ សម្រាប់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។
លោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវខិតខំប្រឹងប្រែងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅតាមបន្ទាត់ព្រំដែន ដោយត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ វិន័យកងកម្លាំង និងស្មារតីសហការផ្ទៃក្នុងឱ្យបានរឹងមាំ។ លើសពីនេះ លោកបានជំរុញឱ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងការចេញ-ចូលរបស់ជនបរទេស ការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងទិន្នន័យ ដើម្បីធានាបាននូវសន្តិសុខជាតិ និងសុវត្ថិភាពសង្គម។
លោក ឧត្តមសេនីយ៍ឯក សុខ វាសនា បានស្នើឱ្យកងកម្លាំងទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងពង្រឹងវិធានការជំនាញក្នុងការស្រាវជ្រាវ ស្រង់ទិន្នន័យ និងទប់ស្កាត់រាល់សកម្មភាពពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងបទល្មើសបច្ចេកវិទ្យាឆ្លងដែនគ្រប់រូបភាព៕