បាគូ៖ ក្រុមហ៊ុន MARSOL Group ដែលជាក្រុមហ៊ុនរៀបចំជំនួបធុរកិច្ច (B2B) ដ៏ធំនៅអាស៊ែបៃហ្សង់ នឹងនាំយកសហគ្រិនជាសមាជិករបស់ខ្លួន និងក្រុមហ៊ុនដែលប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ មកដំណើរទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ ការធ្វើឡើងនេះ កំឡុងពេលក្រសួងទេសចរណ៍កម្ពុជា ជួបជាមួយក្រុមហ៊ុន MARSOL Group នៅក្នុងជំនួបជាមួយដៃគូសហប្រតិបត្តិការអន្តរជាតិ លើកទី៥៤ ឆ្នាំ២០២៦ កាលពីថ្ងៃទី១៣ តុលា ២០២៦។
តាមរយៈកិច្ចពិភាក្សាក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនេះ តំណាងក្រុមហ៊ុន បានបញ្ជាក់ពីគម្រោងរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ និងធុរកិច្ចនៅកម្ពុជា (FAM Trip) នាពេលខ្លីខាងមុខ សម្រាប់សហគ្រិនជាសមាជិករបស់ខ្លួន និងក្រុមហ៊ុនដែលប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ ដោយបានស្នើសុំកិច្ចសម្របសម្រួលពីក្រសួងទេសចរណ៍ក្នុងការទទួលស្វាគមន៍គណៈប្រតិភូដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ជាការឆ្លើយតប លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ព្រមទាំងស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ និងធុរកិច្ចនៅកម្ពុជា (FAM Trip) ដែលរៀបចំដោយក្រុមហ៊ុននាំមុខនៅសាធារណរដ្ឋអាស៊ែបៃហ្សង់មួយនេះ។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងទេសចរណ៍ នឹងសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ទាំងផ្នែករដ្ឋ និងឯកជន ដើម្បីផ្តល់កិច្ចសម្របសម្រួលដល់គណៈប្រតិភូ ក្នុងដំណើរទស្សនកិច្ចដ៏សំខាន់នេះ ដើម្បីស្វែងយល់ពីគោលដៅទេសចរណ៍ប្រកបដោយសក្តានុពលនានានៅកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្ម និងពិព័រណ៍ខ្នាតធំជាច្រើននាពេលអនាគត ឱ្យរលូន និងប្រកបដោយផ្លែផ្កា ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងបង្កើតឱកាសទាក់ទាញព្រឹត្តិការណ៍អន្តរជាតិធំៗ មកប្រារព្ធនៅកម្ពុជា៕