ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាថ្ងៃទី១៦ តុលានេះ បានប្រកាស និងរម្លឹកពីល្បិចរបស់ជនខិលខូច ដែលឆបោកតាមអនឡាញ ដោយបោកឱ្យវេរប្រាក់មុន តែមិនផ្ញើទំនិញឱ្យ និងប្លុក (Block) គណនីចោល។ ក្នុងករណីនេះ នាយកដ្ឋានបានប្រាប់ពីរបៀបសំគាល់ វិធីសាស្រ្តក្នុងការប្រុងប្រយ័ត្នដើម្បីកាត់បន្ថយហានិភ័យ ក្នុងការឆបោកតាមអនឡាញ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រាប់ពីវិធីសាស្រ្តក្នុងការសំគាល់គណនីផេក (Page) ពិត និង ក្លែងក្លាយ។ គណនីផេក (Page) ពិត៖ មានព័ត៌មាន Page ច្បាស់លាស់ មានប្រវត្តិបង្ហោះមាតិកាជាបន្តបន្ទាប់ មានអ្នក Follow ពិតប្រាកដ មានមតិយោបល់ និង Reviews ពីអតិថិជន និងមានព័ត៌មានទំនាក់ទំនងច្បាស់លាស់។
ចំណែកគណនីផេក (Page) ក្លែងក្លាយ៖ ឈ្មោះ និងរូបភាពស្រដៀង Page ពិត បង្កើតថ្មី និងមានប្រវត្តិមិនច្បាស់ មានចំនួន Follow មិនប្រក្រតី ផ្សព្វផ្សាយលក់តម្លៃទាបខ្លាំង និងទាមទារឱ្យផ្ទេរប្រាក់ជាមុន។ សុវត្ថិភាពក្នុងការទិញទំនិញតាមអនឡាញ៖ជ្រើសរើសការទូទាត់ប្រាក់ពេលទទួលទំនិញ Cash on Delivery (COD) ជួយកាត់បន្ថយហានិភ័យក្នុងការបោកតាមអនឡាញ៕