ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ទោ ហេង រតនា បានដាក់បញ្ជាឱ្យអនុវត្តនាំខ្លួនភ្លាមៗ រាល់ជនណា ដែលបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ឋិតក្រោមឥទ្ធិពល នៃជាតិស្រវឹង បើទោះបីជាករណីគ្រោះថ្នាក់នោះ មិនមានបង្កគ្រោះថ្នាក់ដល់មនុស្សបណ្តាលឱ្យរងរបួស ឬស្លាប់ក៏ដោយ ឬភាគីទាំងសងខាងបានសម្របសម្រួលដោះស្រាយសងថ្លៃសំណងខូចខាតនៅហ្នឹងកន្លែងក៏ដោយ ក៏ច្បាប់ត្រូវតែនាំខ្លួនបុគ្គលបើកបរបង្កយកទៅសាកសួរនាំ និងមានចំណាត់ការតាមនីតិវិធីរបស់សមត្ថកិច្ច។
ការដាក់ចេញបទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីលោក ឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែនការងារនគរបាលចរាចរណ៍ និងលោក វរសេនីយ៍ឯក មួន សុខា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៦ ខែតុលានេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងផែនការការងារថ្មីបន្ថែម ពិសេសពង្រឹងកម្លាំងសមត្ថកិច្ចតាមគោលដៅទាំងអស់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បញ្ចៀសការកកស្ទះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ទោ បានសង្កត់ធ្ងន់ថា ចំពោះជនឋិតក្រោមឥទ្ធិពល នៃជាតិស្រវឹង ហើយបើកបរបង្កគ្រោះថ្នាក់ រួចព្យាយាមបើករត់គេចពីកន្លែងកើតហេតុ គឺត្រូវប្រឈមមុខជាមួយនីតិវិធីរបស់សមត្ថកិច្ចដោយផ្ទាល់ ពុំអនុញ្ញាតឱ្យមានតំណាងណាម្នាក់ ឬច្រើននាក់ មកចចារសម្របសម្រួលបញ្ចប់រឿងនៅហ្នឹងកន្លែងបានឡើយ ព្រោះជនបើកបរ គឺជាអ្នកបញ្ជាយាន្ត ហើយក៏ជាអ្នកបើកបរបង្កដោយផ្ទាល់ ដូច្នោះ ជនរូបនោះគឺត្រូវតែជាអ្នកនៅទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដោយពុំមានការលើកលែង ។
ដោយឡែក រាល់ជនតំណាងជនបង្កទាំងឡាយ គឺមានសិទ្ធិត្រឹមការចចារសំណងខូចខាតទ្រព្យសម្បត្តិជាមួយភាគីរងគ្រោះតែប៉ុណ្ណោះ ពុំអាចរួចខ្លួនពីសំណាញ់ច្បាប់នោះឡើយ ៕