អ៊ីស្តង់ប៊ុល៖ កម្ពុជា និងតួកគីយ៉េ ឯកភាពពង្រឹងការតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ និងការជំរុញវិស័យទេសចរណ៍ តាមរយៈជើងហោះហើរត្រង់ដែលមានស្រាប់រវាងរាជធានីភ្នំពេញ និងទីក្រុងអ៊ីស្តង់ប៊ុល។ ការធ្វើឡើងនេះ ក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Mehmet Nuri Ersoy រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋតួកគីយ៉េ នាថ្ងៃទី១៦ តុលា ២០២៦។
លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនៈស៊ីជម្រៅជាមួយលោក Mehmet Nuri Ersoy រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋតួកគីយ៉េលើការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីដែលចុះហត្ថលេខាកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ កន្លងមក។
ភាគីទាំងពីរ បានឯកភាពបង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរទស្សនកិច្ចស្វែងយល់ពីសក្កានុពល (FAM Trip) ការជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីដែលបានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅឱ្យកាន់តែសកម្ម និងជាក់ស្តែងបន្ថែមទៀត ព្រមទាំងផ្តោតលើការបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់ប្រទេសទាំងពីរដល់ប្រជាជន និងវិនិយោគិននៃប្រទេសទាំងពីរ តាមរយៈការទាញយកផលប្រយោជន៍ជាអតិបរមាពីជើងហោះហើរត្រង់ដែលមានស្រាប់រវាងរាជធានីភ្នំពេញ និងទីក្រុងអ៊ីស្តង់ប៊ុល។៕