Khmer suport khmer cc time

គម្រោងជួសជុលជញ្ជាំងជ្រុងខាងលិច«ខ្លោងទ្វារទន្លេអុំ»សម្រេចបាន ៨០ភាគរយ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

គម្រោងជួសជុលជញ្ជាំងជ្រុងខាងលិចនៃខ្លោងទ្វារទន្លេអុំសម្រេចបាន៨០ ភាគរយហើយ គិតត្រឹមខែតុលា ឆ្នាំ២០២៦។

បើតាមប្រធានគម្រោងជួសជុល លោក ម៉ៅ សុខនី គូសបញ្ជាក់ថា គម្រោងពង្រឹងជញ្ជាំង និងកាំជណ្តើរជ្រុងខាងលិច នៃខ្លោងទ្វារទន្លេអុំដំណើរការដោយរលូន និងបានសម្រេចនៅផ្នែក ជញ្ជាំងរួចរាល់ហើយ។ បច្ចុប្បន្ន ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បាននិងកំពុងបង្ហាប់ដី បិទបាយអ និងពង្រាបដីនៅផ្នែកខាងលើ ដោយរំពឹងថា អាចនឹងបញ្ចប់ជាស្ថាពរនាពេលឆាប់ៗនេះ។

តាមការលើកឡើងរបស់លោក ម៉ៅ សុខនី ការជួសជុលពង្រឹងជញ្ជាំងដែលមានប្រវែង១៥ ម៉ែត្រ បានរួចរាល់ជាស្ថាពរ ហើយក្រុមការងារកំពុងចាក់បំពេញដី និងបំពេញបាយអនៅចន្លោះថ្មមួយចំនួន ដើម្បីពង្រឹងរចនាសម្ព័ន្ធជញ្ជាំង។ កាំជណ្តើរខាងក្នុងមានចំនួន២៣ កាំ ដោយក្រុមការងារបានរៀបចំតម្រៀបភ្ជាប់ពីផ្នែកជញ្ជាំងឡើងវិញ ដែលជាផ្នែកមួយក្នុងការជួយទប់ជញ្ជាំងផង និងលើកតម្លៃនៃខ្លោងទ្វារផង។ លោក ម៉ៅ សុខនី គូសបញ្ជាក់ថា ខ្លោងទ្វារទន្លេអុំជាចំណុចទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរ។ ភ្ញៀវទេសចរភាគច្រើន ឈប់ថតរូប ទស្សនាចម្លាក់កូរសមុទ្រទឹកដោះ និងឡើងទស្សនាលើកំពែងជាដើម។

ចំពោះបច្ចេកទេសនៃការជួសជុលវិញ លោក ម៉ៅ សុខនី បានពន្យល់ថា ធ្វើតាមលំនាំដើមពីបុរាណ ដោយបន្ថែមបច្ចេកទេសថ្មីបញ្ចូលខ្លះ ដើម្បីធានាភាពរឹងមាំកាន់តែយូរអង្វែង។ មន្រ្តីអាជ្ញាធរជាតិអប្សរារូបនេះបានបន្តថា ការជួសជុលចាប់ផ្តើមពង្រឹងគ្រឹះដោយបុកបង្ហាប់ស្រទាប់ដីបុរាណ និងមានការកែសម្រួលផ្នែកជញ្ជាំង ដើម្បីឱ្យមានភាពរឹងមាំបន្ថែម។ ផ្នែកជណ្តើរខាងក្នុង ក្រុមការងារបានរៀបកាំជណ្តើរបន្តពីជណ្តើរគ្រឹះចាស់ដែលនៅសល់ ដើម្បីពង្រឹងផ្នែកជញ្ជាំង ដោយដាក់ដីឥដ្ឋបុកបង្ហាប់ ជាមួយថ្មកំបោរបាយអជាទ្រនាប់។ល។

ក្នុងនាមអ្នកអភិរក្សមួយរូប លោក ម៉ៅ សុខនី មានសុទិដ្ឋិនិយមថា ក្រោយជួសជុលរួច គម្រោងនេះនឹងលើកតម្លៃជញ្ជាំងកំពែងនៃអតីតក្រុងអង្គរធំឱ្យកាន់តែស្រស់ស្អាត ពិសេសធានាពីភាពរឹងមាំរាប់រយឆ្នាំទៅមុខទៀត។ អ្នកជំនាញរូបនេះក៏សង្ឃឹមថា គម្រោងអភិរក្សនៃខ្លោងទ្វារក្រុងអង្គរធំ នឹងអាចជួសជុលនៅចំណុចផ្សេងៗទៀត ដ្បិតថាខ្លោងទ្វារទាំង៥ សុទ្ធតែមានហានិភ័យ ដែលត្រូវការអភិរក្សបន្តបន្ទាប់៕


Khcct banner

អត្ថបទទាក់ទង