Khmer suport khmer cc time

ក្រោយម៉ាតថៃរងការធ្វើពហិការ ម៉ាតកូរ៉េ GS25 ពន្លឿនវាយលុកចូលទីផ្សារកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ស្របពេលម៉ាតថៃមួយចំនួននៅកម្ពុជាកំពុងប្រឈមនឹងការធ្វើពហិការពីអ្នកប្រើប្រាស់ ម៉ាត GS25 របស់កូរ៉េខាងត្បូងកំពុងត្រៀមចូលទីផ្សារកម្ពុជា ដោយរំពឹងថានឹងបើកសាខាដំបូងនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។

យោងតាមសារព័ត៌មានកូរ៉េខាងត្បូង The Asia Business Daily ក្រុមហ៊ុន GS25 បានចាប់ផ្តើមរៀបចំផែនការចូលទីផ្សារកម្ពុជា ដោយបានបញ្ជាទិញផលិតផលពីក្រុមហ៊ុនម្ហូបអាហារកូរ៉េខាងត្បូង និងបញ្ចប់ការចុះបញ្ជីម៉ាកសញ្ញានៅកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០២៦។

ក្រុមហ៊ុន GS Retail ដែលជាក្រុមហ៊ុនមេរបស់ GS25 បានបញ្ជាក់ថា ខ្លួនបានបញ្ចប់ការវាយតម្លៃលទ្ធភាពធ្វើអាជីវកម្មនៅកម្ពុជា និងកំពុងពិចារណាលើការបើកដំណើរការ ប៉ុន្តែមិនទាន់កំណត់កាលបរិច្ឆេទជាក់លាក់នៅឡើយទេ។

បើផែនការនេះសម្រេចបាន កម្ពុជានឹងក្លាយជាទីផ្សារក្រៅប្រទេសទី៣ របស់ GS25 បន្ទាប់ពីវៀតណាម និងម៉ុងហ្គោលី។

ការត្រៀមចូលទីផ្សាររបស់ GS25 កើតឡើងចំពេលម៉ាត 7-Eleven របស់ក្រុមហ៊ុន CP Group ថៃ កំពុងប្រឈមនឹងការធ្វើពហិការពីអ្នកប្រើប្រាស់មួយចំនួននៅកម្ពុជា ដោយសារភាពតានតឹងរវាងប្រទេសទាំងពីរ។ ស្ថានភាពនេះអាចបង្កើតឱកាសសម្រាប់ម៉ាតបរទេសផ្សេងទៀតក្នុងការពង្រីកអាជីវកម្មនៅកម្ពុជា។

យ៉ាងណាក៏ដោយ GS25 នឹងត្រូវប្រកួតប្រជែងជាមួយ E-MART24 របស់កូរ៉េខាងត្បូង ដែលបានចូលទីផ្សារកម្ពុជាតាំងពីឆ្នាំ២០២៤។ បច្ចុប្បន្ន E-MART24 មាន៤២សាខា និងមានគោលដៅពង្រីកឱ្យលើស៧០សាខា នៅដំណាច់ឆ្នាំ២០២៦។ ការលក់ជាមធ្យមប្រចាំថ្ងៃរបស់ក្រុមហ៊ុនបានកើនឡើង៤១% បើធៀបនឹងឆ្នាំ២០២៤ ខណៈចំនួនអតិថិជនកើនឡើង១៧%។

កម្ពុជាត្រូវបានចាត់ទុកថាជាទីផ្សារមានសក្ដានុពលសម្រាប់អាជីវកម្មម៉ាត ដោយសារប្រជាជនវ័យក្មេង ការរីកចម្រើននៃទីក្រុង និងប្រជាប្រិយភាពនៃម្ហូបអាហារ និងវប្បធម៌កូរ៉េខាងត្បូង។

ការចូលមករបស់ GS25 ត្រូវបានរំពឹងថានឹងជំរុញការប្រកួតប្រជែងក្នុងវិស័យម៉ាត និងផ្តល់ជម្រើសកាន់តែច្រើនដល់អ្នកប្រើប្រាស់កម្ពុជា៕

Khcct banner

អត្ថបទទាក់ទង