ភ្នំពេញ៖ កម្ពុជា នាថ្ងៃទី១៩ តុលា បានប្រកាសដាក់អនុវត្តជាផ្លូវការនូវកម្មវិធីពន្លឿនសកម្មភាពទប់ស្កាត់សារធាតុបំពុលកម្រិតខ្ពស់នៅកម្ពុជា (Super Pollutant Accelerator Program) ក្រោយទទួលបានថវិកាគាំទ្រប្រមាណ ៤ លានដុល្លារអាម៉េរិក ពីសម្ព័ន្ធ CCAC សម្រាប់អនុវត្តកម្មវិធីពន្លឿននេះក្នុងរយៈពេល ៣ ឆ្នាំ (២០២៦-២០២៨)។ កម្មវិធីនេះ ជាសមិទ្ធផលថ្មីមួយទៀត ដែលកម្ពុជាត្រូវបានទទួលស្គាល់ ជាប្រទេសចូលរួមចំណែកសំខាន់ ក្នុងការដោះស្រាយបញ្ហាបរិស្ថានសកល។
ក្នុងឱកាសនេះ លោក អ៊ាង សុផល្លែត បានមានប្រសាសន៍ថា កម្មវិធីពន្លឿនការកាត់បន្ថយសារធាតុបំពុលកម្រិតខ្ពស់នេះ បានរៀបចំឡើងដោយមានលក្ខណៈគ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅនឹងអាទិភាពជាតិ និងស្របតាម «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨»។ កម្ពុជាបានបង្ហាញពីជំហរយ៉ាងសកម្ម និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការដោះស្រាយ បញ្ហាការប្រែប្រួលអាកាសធាតុ ការកែលម្អគុណភាពខ្យល់ និងការកាត់បន្ថយសារធាតុបំពុលខ្យល់ កម្រិតខ្ពស់នៅកម្ពុជាដូចជា ឧស្ម័នមេតាន កាបូនខ្មៅ និងសារធាតុហាយដ្រូភ្លុយអរ៉ូកាបូន HFCs ដើម្បីគាំទ្រធ្វើឱ្យប្រសើរឡើងនូវគុណភាពខ្យល់ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
លោករដ្ឋមន្រ្តី បានបន្ថែមថា កម្មវិធីដែលសម្ពោធនាពេលនេះ ជាសមិទ្ធផលថ្មីមួយទៀត ដែលកម្ពុជាត្រូវបានទទួលស្គាល់ ជាប្រទេសចូលរួមចំណែកសំខាន់ ក្នុងការដោះស្រាយបញ្ហាបរិស្ថានសកល និងទទួលបានការគាំទ្រលើឆាកអន្តរជាតិ ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការកាត់បន្ថយ ការបំភាយនៃការបំពុលកម្រិតខ្ពស់ និងពង្រឹងមូលដ្ឋានស្ថាប័ន និងបច្ចេកទេសដែលចាំបាច់ ដើម្បីសម្រេចបាននូវមហិច្ឆតាពន្លឿនការកាត់បន្ថយសារធាតុបំពុលកម្រិតខ្ពស់នៅកម្ពុជា។
សូមបញ្ជាក់ថា កម្មវិធីពន្លឿនសកម្មភាពទប់ស្កាត់សារធាតុបំពុលកម្រិតខ្ពស់នៅកម្ពុជា គឺជាលទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការគាំទ្រពីសហគមន៍អន្តរជាតិ ដែលឈានដល់ការ អនុម័តជាផ្លូវការ នៅក្នុងសន្និសីទកំពូលលើកទី៣០ (COP30)ស្តីពីការប្រែប្រួលអាកាសធាតុ នៅទីក្រុង Belém ប្រទេសប្រេស៊ីល ឆ្នាំ២០២៥។ ប្រទេសកម្ពុជាក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលបានការគាំទ្រថវិកាប្រមាណ ៤ លានដុល្លារអាម៉េរិក ពីសម្ព័ន្ធ CCAC សម្រាប់អនុវត្តកម្មវិធីពន្លឿននេះក្នុងរយៈពេល ៣ ឆ្នាំ (២០២៦-២០២៨) ហើយពេលនេះ កម្ពុជានឹងបន្តពង្រឹងការកសាងសមត្ថភាពមន្ត្រីលើកការគ្រប់គ្រង ស្តង់ដារបំភាយឧស្ម័នយានយន្ត ការបំភាយឧស្ម័នក្នុងវិស័យថាមពល កសិកម្ម និងការគ្រប់គ្រងសំណល់ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព៕