បាត់ដំបង៖ បណ្ណាល័យវិទ្យាសាស្ត្រទី២ នៅខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅវិទ្យាល័យអន្លង់វិល ក្នុងស្រុកសង្កែ ដើម្បីពង្រីកឱកាសសិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ព្រមទាំងជំរុញការរៀនសូត្រតាមរយៈការអនុវត្តជាក់ស្តែងសម្រាប់សិស្សានុសិស្ស។ បណ្ណាល័យនេះត្រូវបានបង្កើតឡើងក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា តាមរយៈគម្រោងផ្តល់ផលរហ័ស (Quick Impact Project) ដោយមានជំនួយឥតសំណងពីរដ្ឋាភិបាលឥណ្ឌា។
បណ្ណាល័យវិទ្យាសាស្ត្រទី១ នៅខេត្តបាត់ដំបង ត្រូវបានបង្កើតឡើងនៅវិទ្យាល័យ ហ៊ុន សែន ត្រែង ក្នុងស្រុករតនមណ្ឌល និងបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីខែមករា ឆ្នាំ២០២៦។
ក្រៅពីខេត្តបាត់ដំបង គម្រោងសាងសង់បណ្ណាល័យវិទ្យាសាស្ត្រមួយទៀតនៅខេត្តកំពង់ធំ ក៏គ្រោងនឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ អនុស្សរណៈនៃការយោគយល់គ្នាសម្រាប់គម្រោងផ្តល់ផលរហ័សទី៤ រវាងស្ថានទូតឥណ្ឌា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រំពឹងថានឹងត្រូវចុះហត្ថលេខានាពេលខាងមុខ។
គម្រោងបណ្ណាល័យវិទ្យាសាស្ត្រទាំងនេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា ក្នុងការលើកកម្ពស់ការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ប្រទេសឥណ្ឌាផ្តល់ថវិកាគាំទ្រដល់គម្រោងផ្តល់ផលរហ័សចំនួន ១០ ក្នុងមួយឆ្នាំនៅកម្ពុជា ដោយផ្តោតលើវិស័យអាទិភាព រួមមាន ការអប់រំ សុខាភិបាល ការលើកកម្ពស់ស្ត្រី អនាម័យ និងកសិកម្ម។
គិតមកដល់ពេលនេះ ឥណ្ឌាបានផ្តល់ជំនួយតាមរយៈគម្រោងផ្តល់ផលរហ័សសរុបចំនួន ៧៥ គម្រោងនៅទូទាំងប្រទេសកម្ពុជា។ ក្នុងចំណោមគម្រោងទាំងនេះ មាន ៥៥ គម្រោងបានបញ្ចប់ដោយជោគជ័យ និង ២០ គម្រោងទៀតកំពុងដំណើរការអនុវត្ត។ គម្រោងទាំងអស់ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបនឹងតម្រូវការ និងអាទិភាពអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។
ប្រទេសឥណ្ឌាបានបញ្ជាក់ពីការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្រោមគោលនយោបាយ «ឆ្ពោះទៅទិសខាងកើត» (Act East Policy) ដោយផ្អែកលើចំណងប្រវត្តិសាស្ត្រ និងអារ្យធម៌រួមគ្នា ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍរបស់កម្ពុជាជាបន្តបន្ទាប់៕