Khmer suport khmer cc time

សម្តេច ហ៊ុន ម៉ាណែត យកថ្ងៃខួបកំណើត ដើម្បីរៀបចំអាហារជូនសិស្សពិការ គ ថ្លង់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្នុងឱកាសខួបកំណើតគម្រប់ជន្មាយុ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ សម្តេច ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាល និងរៀបចំអាហារជូនសិស្សពិការ គ-ថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី។

សម្តេច ហ៊ុន ម៉ាណែត កើតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៧៧ នៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេមត់ ខេត្តកំពង់ចាម ដែលបច្ចុប្បន្នជាខេត្តត្បូងឃ្មុំ។ សម្តេចជាបុត្រទី២ របស់សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ហ៊ុនសែន។

សម្តេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ក្នុងចំណោមកូនទាំង៥ សម្តេច ហ៊ុន ម៉ាណែត ជាកូនដែលមានជីវិតកម្សត់ជាងគេ ដោយបានកើតក្នុងអំឡុងពេលដែលប្រទេសជាតិកំពុងជួបវិបត្តិ។ នៅពេលសម្តេច ហ៊ុន ម៉ាណែត ស្ថិតក្នុងផ្ទៃម្តាយបាន៧ខែ ឪពុករបស់សម្តេចបានចាកចេញពីគ្រួសារ ដើម្បីបំពេញបេសកកម្មរំដោះជាតិ។ ចំណែកម្តាយត្រូវរស់នៅលាក់ខ្លួន ដោយសារត្រូវបានចោទប្រកាន់ថាជាគ្រួសាររបស់អ្នកក្បត់អង្គការ។

សម្តេច ហ៊ុន ម៉ាណែត បានជួបមុខឪពុកជាលើកដំបូង ក្រោយកំណើតបានជាងមួយឆ្នាំ ប៉ុន្តែដោយសារមិនធ្លាប់ស្គាល់មុខ សម្តេចបានហៅឪពុកថា «ពូ»។

បើទោះបីកើតមកកម្សត់ក៏ដោយ សម្តេច ហ៊ុន ម៉ាណែត មិនបានធ្វើឱ្យឪពុកម្តាយខកបំណងឡើយ។ ផ្ទុយទៅវិញ សម្តេចបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ៕


Khcct banner

អត្ថបទទាក់ទង