តាកែវ៖ ក្រុមការងារបច្ចេកទេស និងអាជ្ញាធរដែនដី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានចុះពិនិត្យ និងបោះបង្គោលបន្ថែមចំនួន ៣០បង្គោលបន្ថែម និងបានធ្វើការកែសម្រួលចំនួន ៥បង្គោល សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ។
អភិបាលខេត្តតាកែវលោក វ៉ី សំណាង បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យដោយផ្ទាល់ ដើម្បីបន្តបោះបង្គោលតម្រុយផ្លូវ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ។
ក្នុងកិច្ចចុះពិនិត្យ និងអនុវត្តការងារផ្ទាល់នៅនឹងកន្លែងនោះ ក្រុមការងារបច្ចេកទេស និងអាជ្ញាធរដែនដី បានធ្វើការបោះបង្គោលបន្ថែមចំនួន ៣០បង្គោលបន្ថែម និងបានធ្វើការកែសម្រួលចំនួន ៥បង្គោល ដើម្បីធានាឱ្យបាននូវភាពច្បាស់លាស់ ត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស និងរលូនដល់ដំណើរការរៀបចំគម្រោងប្រវត្តិសាស្ត្រមួយនេះ។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ បានបើកសម្ពោធការរដ្ឋានសាងសង់ដោយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ គម្រោងព្រែកជីកនេះ នឹងស្ថាបនាត្រង់ពីទន្លេមេគង្គ ភ្ជាប់ទៅសមុទ្រដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប៕