កំពត៖ ដើម្បីចូលរួមលើកស្ទួយដល់វិស័យអប់រំ និង ការគិតគូរដល់ក្មេងៗជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សី ក្រុមហ៊ុន J&T Express Cambodia បានរៀបចំកម្មវិធី “កសាងអនាគត បណ្តុះបណ្តាលធនធានជំនាន់ថ្មី” នៅមណ្ឌលកុមារកំព្រា ដោយបាននាំយកនូវស្បៀងអាហារ សម្ភារសិក្សា សម្ភារប្រើប្រាស់់ និងថវិកាមួយចំនួន ឧបត្ថម្ភជួយដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ទាំងអស់នៅមណ្ឌលដែលមានទីតាំងស្ថិតនៅភូមិត្រពាំងវែងខាងលិច ស្រុកដងទង់ ខេត្តកំពត នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ។
ដោយមើលឃើញ អំពីស្មារតីក្នុងការបណ្តុះបណ្តាលកុមារជំនាន់ក្រោយដែលពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសិក្សា របស់ មណ្ឌលផ្ទះកុមារកំព្រា ក្រុមហ៊ុន J&T Express Cambodia បាននាំយកនូវអំណោយមួយចំនួន ដូចជា អង្ករចំនួន750 គីឡូក្រាម កាបូបស្ពាយចំនួន ១០០ និង ឯកសណ្ឋានសាលា១០០ ឈុត រួមជាមួយសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងសម្ភារៈសិក្សាជាច្រើនដល់កុមារនៅទីនោះ ដើម្បីអោយពួកគាត់ទទួលបានឱកាសនិងការយកចិត្តទុកដាក់ដូចក្មេងៗដទៃ ក៏ដូចជាដើម្បីអនាគតកាន់តែប្រសើរ។
លោក ចាន់ ដារ៉ាវុទ្ធ ដែលជាតំណាងក្រុមហ៊ុន J&T Express Cambodia មានប្រសាសន៍ថា៖ «សម្រាប់អំណោយដែលយកមកចែកជូនប្អូនៗទាំងអស់គ្នានាពេលនេះ គឺផ្តើមចេញពីសេចក្តីស្រលាញ់ ការគិតគូរដល់អនាគតរបស់ប្អូនៗជំនាន់ក្រោយ ដូចនឹងពាក្យស្លោករបស់ក្រុមហ៊ុន គឺ កសាងអនាគត បណ្តុះបណ្តាលធនធានជំនាន់ថ្មី ដោយជឿជាក់ថា ប្អូនៗទាំងអស់គ្នាដែលមានវត្តមាននៅទីនេះនឹងក្លាយជាទំពាំងស្នងដ៏មានតម្លៃសម្រាប់សង្គមជាតិនាពេលខាងមុខ។
ក្រៅពីការឧបត្ថម្ភស្បៀងអាហារនិងសម្ភារសិក្សា បុគ្គលិក J&T Express Cambodia ក៏បានចុះ សំណេះសំណាល ជាមួយក្មេងៗ និង ចូលរួមក្នុងសកម្មភាពក្នុងការដាំដើមឈើដើម្បីបរិស្ថានបៃតង និងការលេងហ្គេមសប្បាយៗជាច្រើនដូចជាការលេងច្រៀងចម្រៀងជាដើម ប្រកបដោយភាពរីករាយនិងស្នាមញញឹម។ ដោយបេសកម្មនេះ ក្រុមហ៊ុន J&T Express Cambodia បានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីជួយដល់សង្គម និងកុមារដែលពុំមានលទ្ធភាព។ នាថ្ងៃអនាគត ក្រុមហ៊ុននឹងនៅតែប្តេជ្ញាចិត្តក្នុងការបន្តបេសកម្មជួយដល់សង្គម និងកុមារ អោយបានខ្ជាប់ខ្ជួន ព្រោះការសិក្សាគឺពន្លឺសម្រាប់បំភ្លឺផ្លូវតែមួយគត់ដែលល្អបំផុតសម្រាប់កុមារនាពេលអនាគត ។
J&T Express គឺជាក្រុមហ៊ុន ដែលមានសេវាកម្មដឹកជញ្ជូនជាសកល និងជាក្រុមហ៊ុនដែលមានការរីកចំរើនក្នុងវិស័យដឹកជញ្ជូនរហ័សនិងឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានវត្តមានក្នុងប្រទេសកម្ពុជាចាប់តាំងពី ខែតុលា ឆ្នាំ២០១៩ និងប្រកាន់ខ្ជាប់នូវបេសកកម្ម “អតិថិជនគោល ប្រសិទ្ធភាពជាឫស”។ យីហោនេះត្រូវបានគេស្គាល់ថាជាសេវាកម្មដឹកជញ្ជូនរហ័សគ្មានដែលបំរើអតិថិជនរយៈពេល 365 ថ្ងៃ។ J&T Express បានអះអាងថាខ្លួននៅតែបន្ដប្តេជ្ញាស្វែងរកសេវាកម្មថ្មី រហ័ស និងសុវត្ថិភាព ដើម្បីបម្រើអតិថិជនក្នុងស្រុក និងអន្តរជាតិ។