Khmer suport khmer cc time

កម្ពុជា បង្ក្រាបទីតាំង Online Scams ៩១០ កន្លែង ឃុំខ្លួនជនល្មើសជាង ៥ ៧០០ នាក់ និងបង្កកប្រាក់ជាង ៣០០ លានដុល្លារ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានចាត់វិធានការផ្លូវច្បាប់លើទីតាំងពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៩១០ កន្លែង ដោយបញ្ជូនសំណុំរឿង ៥២៩ ករណីទៅតុលាការ និងមានជនពាក់ព័ន្ធ ៥ ៧៧៨ នាក់ ត្រូវបានចោទប្រកាន់និងឃុំខ្លួន។ ជាមួយគ្នានេះ តុលាការក៏បានសម្រេចបង្កកប្រាក់ក្នុងគណនីធនាគារសរុបជាង ៣០០ លានដុល្លារអាម៉េរិក។

លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានលើកឡើងពីវឌ្ឍនភាពនេះ ក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។

លោកបានឱ្យដឹងថា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងរាជធានី-ខេត្ត កំពុងបន្តអនុវត្តវិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីបោសសម្អាតនិងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្នុងចំណោមទីតាំងចំនួន ៩១០ កន្លែងដែលត្រូវបានចាត់វិធានការ មានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាធំៗចំនួន ៨៦ កន្លែង។ ចំណែកជនពាក់ព័ន្ធចំនួន ៥ ៧៧៨ នាក់ ដែលរួមមានមេក្លោង អ្នកផ្តើមគំនិត អ្នកសមគំនិត និងជនសង្ស័យជាច្រើនសញ្ជាតិ ត្រូវបានតុលាការចោទប្រកាន់និងសម្រេចឃុំខ្លួន ខណៈនីតិវិធីស៊ើបសួរក្នុងសំណុំរឿងនីមួយៗកំពុងបន្ត ដើម្បីចាត់ការតាមច្បាប់។

ទន្ទឹមនឹងនេះ អាជ្ញាធរមានសមត្ថកិច្ចក៏កំពុងត្រួតពិនិត្យនិងស៊ើបអង្កេតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតាមទីតាំងកាស៊ីណូផងដែរ។ ជាលទ្ធផល អាជ្ញាធរបានរកឃើញកាស៊ីណូចំនួន ២៨ ទីតាំង ដែលពាក់ព័ន្ធនឹងបទល្មើស ហើយកំពុងស្ថិតក្នុងសំណុំរឿងស៊ើបអង្កេត។

ចំពោះជនបរទេសដែលត្រូវបានរកឃើញនៅតាមទីតាំងប្រតិបត្តិការទាំងនោះ អាជ្ញាធរបានអនុវត្តនីតិវិធីតាមច្បាប់លើមនុស្សសរុបចំនួន ២២ ៨៩២ នាក់ មកពី ៤០ សញ្ជាតិ។ ក្នុងចំណោមនេះ ភាគច្រើនជាអ្នកដែលត្រូវបានក្រុមមេខ្លោងឆបោកបោកបញ្ឆោត ឬជាអ្នកដែលប្រព្រឹត្តខុសនឹងច្បាប់អន្តោប្រវេសន៍។ ពួកគេត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ ដោយអនុវត្តតាមច្បាប់អន្តោប្រវេសន៍ និងគោរពតាមគោលការណ៍មនុស្សធម៌អន្តរជាតិ។

ក្រៅពីការបង្ក្រាបបទល្មើសឆបោក អាជ្ញាធរក៏បានពង្រឹងការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ ដោយស្រាវជ្រាវរកទ្រព្យសម្បត្តិដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស និងទ្រព្យសម្បត្តិដែលបានមកពីបទល្មើស ដើម្បីកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន។

ជាលទ្ធផល តុលាការបានសម្រេចបង្កកប្រាក់ក្នុងគណនីធនាគារសរុបជាង ៣០០ លានដុល្លារអាម៉េរិក។ ក្រៅពីនេះ ក៏មានទ្រព្យសម្បត្តិជាចលនវត្ថុ និងអចលនវត្ថុជាច្រើនទៀតត្រូវបានបង្កក ដែលមានតម្លៃប៉ាន់ស្មានរាប់រយលានដុល្លារអាម៉េរិក។

វិធានការទាំងនេះបង្ហាញពីការបន្តចាត់ការលើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការកាត់បន្ថយមធ្យោបាយហិរញ្ញវត្ថុដែលគាំទ្រសកម្មភាពឧក្រិដ្ឋកម្ម ដោយអាជ្ញាធរប្តេជ្ញាអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់៕

Khcct banner

អត្ថបទទាក់ទង