ភ្នំពេញ៖ ក្រូអាស៊ី ប្តេជ្ញាគាំទ្រកម្ពុជាក្នុងការសម្រេចគោលដៅ ជាប្រទេសគ្មានមីន ត្រឹមឆ្នាំ២០៣៥ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យអាទិភាពនានា ជាពិសេសការអភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ីមកកាន់កម្ពុជា ប្រទេសទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ដោយទទួលស្គាល់អំពីការរួមចំណែក និងបទពិសោធន៍ នៅក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីនសកលរបស់កម្ពុជា ក៏ដូចជាក្រូអាស៊ី ភាគីទាំងពីរបានឯកភាពគ្នាស្វែងរកឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបោសសម្អាតមីន។ ក្រូអាស៊ីបានប្តេជ្ញាចិត្តជួយគាំទ្រដល់គោលដៅរបស់កម្ពុជាក្នុងការសម្រេចឱ្យបាននូវប្រទេសមួយដែលគ្មានមីន ត្រឹមឆ្នាំ២០៣៥។
រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួម ដោយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះពហុភាគីនិយម ការគោរពច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបជូន លោករដ្ឋមន្ត្រី អំពីការវិវត្តចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈការសន្ទនា និងស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់៕