ពោធិ៍សាត់៖ គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាពផលិតអគ្គិសនី៨០មេហ្គាវ៉ាត់ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចការសាងសង់បានជាង៩០ភាគរយហើយ និងគ្រោងចាប់ផ្តើមផលិតអគ្គិសនីនៅខែធ្នូ ឆ្នាំ២០២៦។ ទំនប់នេះក៏មានសក្តានុពលជួយកាត់បន្ថយទឹកជំនន់នៅតំបន់ខាងក្រោម និងផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្មនៅរដូវប្រាំងផងដែរ។
ការលើកឡើងដូច្នេះ បន្តាប់ពីលោក ហ៊ុង ស៊ូយ៉ុង ប្រធានគ្រប់គ្រងគម្រោង បានប្រាប់អ្នកសារព័ត៌មានក្នុងដំណើរចុះទៅពិនិត្យទីតាំងការដ្ឋាននៅស្រុកវាលវែង ដែលមានចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រពីក្រុងពោធិ៍សាត់ថា គម្រោងនេះកំពុងឈានទៅរកការបញ្ចប់ការសាងសង់ និងត្រៀមផលិតថាមពលអគ្គិសនីតាមផែនការដែលបានកំណត់។
លោក ហុង ស៊ូយ៉ុង បានឲ្យដឹងថា ក្រោមទុនវិនិយោគប្រមាណ ២៥០ លានដុល្លារអាម៉េរិក គម្រោងវារីអគ្គិសនីនេះក្រៅពីផលិតថាមពលអគ្គិសនីសម្រាប់បំពេញតម្រូវការប្រើប្រាស់ ក៏នឹងរួមចំណែកកាត់បន្ថយបញ្ហាជន់លិចនៅក្រុងពោធិ៍សាត់ ព្រមទាំងជួយផ្គត់ផ្គង់ប្រភពទឹកសម្រាប់បម្រើដល់ការកសិកម្មផងដែរ។
សូមបញ្ជាក់ថា គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ មានទីតាំងស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ចម្ងាយប្រមាណ៧៤គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ តាមបណ្តោយផ្លូវជាតិលេខ៥៥។ សម្រាប់គម្រោងនេះ វិនិយោគដោយក្រុមហ៊ុន SPHP (Cambodia) Co., Ltd. របស់កូរ៉េខាងត្បូង បានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០២១៕