ភ្នំពេញ៖ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន២កន្លែង នៅខណ្ឌមានជ័យ និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរចំនួន៦នាក់ និងរឹបអូសវត្ថុតាងជាច្រើន។ ក្រុមនេះត្រូវបានសង្ស័យថា បានក្លែងបន្លំជាក្រុមការងារកាយរឹទ្ធិកម្ពុជា ដើម្បីរៃអង្គាសប្រាក់ជួយជនរងគ្រោះដោយទឹកជំនន់ និងឆបោកតាមរយៈការផ្តល់សេវាភ្នាល់ល្បែងអនឡាញ ដោយទទួលបានប្រាក់ប្រមាណជាង៣០០លានរៀល។
យោងតាមរបាយការណ៍សមត្ថកិច្ច នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញនៃនាយកដ្ឋានប្រតិបត្តិការ និងនីតិវិធី នៃមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន បានសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និងខណ្ឌបឹងកេងកង ចុះឆែកឆេរទីតាំងសង្ស័យទាំង២កន្លែង។
ប្រតិបត្តិការនេះធ្វើឡើងក្រោយពីសមត្ថកិច្ចបានស្រាវជ្រាវ និងស៊ើបអង្កេតអស់រយៈពេលជាច្រើនសប្តាហ៍ ពាក់ព័ន្ធនឹងក្រុមជនសង្ស័យដែលប្រើប្រាស់រូបភាពក្លែងបន្លំជាកាយរឹទ្ធិកម្ពុជា ដើម្បីរៃអង្គាសប្រាក់ជួយជនរងគ្រោះដោយទឹកជំនន់ ព្រមទាំងឆបោកក្រោមរូបភាពផ្តល់សេវាភ្នាល់ល្បែងអនឡាញ។
ទីតាំងសង្ស័យទី១ ស្ថិតនៅផ្ទះលេខ៣៨B ផ្លូវ៥១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។ ចំណែកទីតាំងទី២ ស្ថិតនៅផ្ទះលេខ១D ផ្លូវ៣៣០ ភូមិ៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញសកម្មភាពដែលសង្ស័យថា ជាការក្លែងបន្លំជាក្រុមការងារកាយរឹទ្ធិកម្ពុជា និងការឆបោកតាមរយៈសេវាល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបានឃាត់ខ្លួនមនុស្ស៦នាក់ រួមមាន៖
១. ឈ្មោះ ស ចាន់រតនា ភេទប្រុស
២. ឈ្មោះ ផល សុផាន់ណារី ភេទស្រី
៣. ឈ្មោះ នួន គីមសុផល ភេទប្រុស
៤. ឈ្មោះ បៅ ធិន ភេទស្រី
៥. ឈ្មោះ ទិត កក្កដា ភេទស្រី
៦. ឈ្មោះ លី អ៊ីជែរ ភេទស្រី។
ជនសង្ស័យទាំង៦នាក់សុទ្ធតែជាជនជាតិខ្មែរ។ ក្រៅពីនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងជាច្រើន រួមមាន ម៉ាស៊ីនកុំព្យូទ័រ១គ្រឿង ម៉ូនីទ័រ១គ្រឿង កុំព្យូទ័រយួរដៃ៦គ្រឿង ទូរសព្ទដៃ១៣គ្រឿង iPad ២គ្រឿង Tablet ១គ្រឿង iPod ១គ្រឿង រ៉ោតទ័រ១គ្រឿង អង្គចងចាំ១គ្រឿង ស៊ីមកាត៦៩កាត លិខិតឆ្លងដែន២ក្បាល កាមេរ៉ាសុវត្ថិភាព២គ្រឿង ឧបករណ៍ Wi-Fi ១គ្រឿង សៀវភៅកត់ត្រាចំណូលចំណាយ១ក្បាល ឯកសារពាក់ព័ន្ធមួយចំនួន និងម៉ូតូ៥គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ និងវត្ថុតាងដែលដកហូតបាន ត្រូវបាននាំយកទៅរក្សាទុកនៅសមត្ថកិច្ចជំនាញ ដើម្បីរៀបចំសំណុំរឿង និងចាត់ការបន្តតាមនីតិវិធីច្បាប់៕