Khmer suport khmer cc time

ថ្នាក់ដឹកនាំកម្ពុជា ជួបប្រជុំគ្នាលើកទី៨ ដើម្បីរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ថ្នាក់ដឹកនាំកម្ពុជា នាថ្ងៃទី២៦ តុលានេះ បានជួបពិភាក្សាក្នុងកិច្ចប្រជុំលើកទី៨នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងឈានមកដល់ក្នុងខែវិច្ឆិកាខាងមុខនេះ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោមវត្តមានរបស់លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ដែលជាសហប្រធាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។

បើតាមក្រសួងអប់រំ កិច្ចប្រជុំបានពិនិត្យពិភាក្សាបន្ថែម លើវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក របស់លេខាធិការដ្ឋាន និងអនុគណៈកម្មការទាំង៧ ក្នុងការត្រៀមរៀបចំសកម្មភាព ការងារបច្ចេកទេស និងភស្តុភារ ព្រមទាំងព្រឹត្តិការណ៍អមនានា រួមទាំងការពង្រឹងកិច្ចសហការរវាងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីធានាដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងស្របតាមផែនការដែលបានគ្រោងទុក។

ទន្ទឹមនឹងនេះ លោក នេត សាវឿន និងលោក ប្រាក់ សុខុន បានធ្វើការបូកសរុបលទ្ធផលនៃកិច្ចពិភាក្សា និងបានផ្តល់អនុសាសន៍ណែនាំបន្ថែម ដើម្បីជាមូលដ្ឋានដល់លេខាធិការដ្ឋាន និងអនុគណៈកម្មការទាំង៧ ក្នុងការបន្តអនុវត្តភារកិច្ចការងាររៀងៗខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់ដ៏វិសេសវិសាល និងជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជាក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិកហ្វ្រង់កូហ្វូនី ព្រមទាំងលើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹង និងភាពជាដៃគូក្នុងវិស័យសិក្សាស្រាវជ្រាវ វប្បធម៌ បច្ចេកវិទ្យា និងការអភិវឌ្ឍប្រកបដោយចីរភាព៕


Khcct banner

អត្ថបទទាក់ទង