ភ្នំពេញ៖ កម្ពុជាកំពុងរៀបចំស្បៃខ្មែរជាវត្ថុអនុស្សាវរីយ៍ ដើម្បីជូនដល់គណៈប្រតិភូអន្តរជាតិដែលនឹងអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» (The 20th Francophonie Summit) ដែលគ្រោងរៀបចំនៅព្រះរាជាណាចក្រកម្ពុជានៅចុងឆ្នាំនេះ។ ក្នុងនោះ អ្នកពាក់ព័ន្ធក៏បានឆ្លៀតពេលសិក្សាស្វែងយល់ពីប្រវត្តិស្បៃខ្មែរ និងបច្ចេកទេសប៉ាក់ ឬឌិនលើស្បៃ ដើម្បីលើកស្ទួយស្នាដៃសិប្បកម្មប្រពៃណីខ្មែរ។
ស្បៃខ្មែរមិនត្រឹមតែជាគ្រឿងតុបតែងដ៏ប្រណីតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃមរតកវប្បធម៌ដែលដូនតាខ្មែរបានបន្សល់ទុកតាំងពីសម័យបុរាណ។ សិល្បៈត្បាញស្បៃបានបន្តវិវត្តពីមួយជំនាន់ទៅមួយជំនាន់ រហូតមកដល់បច្ចុប្បន្ន ដោយរក្សាបាននូវភាពល្អប្រណីត និងអត្តសញ្ញាណវប្បធម៌ខ្មែរ។
ស្បៃខ្មែរត្រូវបានត្បាញយ៉ាងផ្ចិតផ្ចង់ ដោយប្រើសរសៃសូត្រដ៏ប្រណីត ឬសរសៃអំបោះមាស រួមផ្សំជាមួយក្បាច់លម្អផ្សេងៗ ដូចជាក្បាច់ផ្កាច័ន្ទ និងក្បាច់ចក្កច័ន្ទ។ ក្បាច់ទាំងនេះមានភាពប្រហាក់ប្រហែលនឹងក្បាច់ចម្លាក់ខ្មែរនៅតាមប្រាង្គប្រាសាទបុរាណ ដែលបង្ហាញពីភាពប៉ិនប្រសប់នៃសិល្បៈខ្មែរ និងបង្កប់នូវអត្ថន័យជានិមិត្តរូបនៃពរជ័យ ភាពរុងរឿង ភាពថ្កុំថ្កើង និងសុភមង្គល។
ការជ្រើសរើសស្បៃខ្មែរធ្វើជាវត្ថុអនុស្សាវរីយ៍សម្រាប់គណៈប្រតិភូអន្តរជាតិ មិនត្រឹមតែជាការចែករំលែកអំណោយដ៏មានអត្ថន័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសផ្សព្វផ្សាយសិល្បៈ សិប្បកម្ម និងអត្តសញ្ញាណវប្បធម៌ខ្មែរទៅកាន់ពិភពលោកផងដែរ៕