ភ្នំពេញ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នាថ្ងៃទី២៦ តុលានេះ បានដឹកនាំក្រុមការងារសួរសុខទុក្ខសម្តេច ហោ ណាំហុង ជាអ្នកការទូតជើងចាស់របស់កម្ពុជាតាំងតែពីសម័យសង្គមរាស្ត្រនិយម ដែលបច្ចុប្បន្នកាលកំពុងសម្រាកនៅមន្ទីរពេទ្យ។
នៅក្នុងខ្លឹមសារ លោក ហ៊ុន ម៉ានី បានបង្ហាញថា សម្តេច គឺជាឥស្សរជន និងជាអ្នកការទូតដ៏ឆ្នើមរបស់កម្ពុជា ដែលបានលះបង់ដើម្បីជាតិមាតុភូមិ និងប្រជាជន ជាច្រើនទសវត្សរ៍ តាំងពីសម័យសង្គមរាស្ត្រនិយម ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យការទូត និងការអភិវឌ្ឍប្រទេសជាតិ។ លោក ហ៊ុន ម៉ានី បានគោរពជូនពរ សម្តេច ហោ ណាំហុង ឱ្យឆាប់បានជាសះស្បើយ និងមានសុខភាពល្អបរិបូរណ៍។
គួររម្លឹកថា សម្តេច ហោ ណាំហុង ត្រូវបានគេស្គាល់ថា ជាអ្នកការទូតជើងចាស់របស់កម្ពុជាតាំងតែពីសម័យសង្គមរាស្ត្រនិយម ចំណាយពេលប្រមាណ ៦០ឆ្នាំ ពិសេស ៤៥ឆ្នាំ ក្រោយរំដោះចេញពីរបប ប៉ុល ពត ឆ្នាំ១៩៧៩ ជួយពង្រឹងកិច្ចការទូតរបស់កម្ពុជាលើឆាកអន្តរជាតិ។ ស្នាដៃរបស់សម្តេច ហោ ណាំហុង ចុងក្រោយរួមចំណែកយ៉ាងធំក្នុងកិច្ចការបរទេសរបស់កម្ពុជា (ជាប្រធានអាស៊ាន ២លើក ២០០២ និង ២០១២) និងក៏ជាអ្នកចរចាដ៏ស្វិតស្វាញ និង ជាហត្ថលេខី នៃកិច្ចព្រមព្រៀងប៉ារីស ១៩៩៣ តតាំងក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និង តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ករណីប្រាសាទព្រះវិហា (២០០៨-២០១១)។សម្តេច ហោ ណាំហុង គឺជាអ្នកដឹកនាំផ្ទាល់លើការងារនេះ៕