យេរេវ៉ាន់, អាមេនី៖ កម្ពុជាបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ (NBSAP) ដែលជាផែនការសំខាន់សម្រាប់ការពារ ស្តារឡើងវិញ និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព ព្រមទាំងកំពុងរៀបចំបញ្ជូនឯកសារនេះទៅកាន់លេខាធិការដ្ឋានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ។
ក្នុងឱកាសចូលរួមសន្និសីទលើកទី១៧ នៃភាគីអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ (COP 17) នៅទីក្រុងយេរេវ៉ាន់ ប្រទេសអាមេនី លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី Astrid Schomaker អគ្គលេខាធិការនៃអនុសញ្ញានេះ ដើម្បីពិភាក្សាអំពីការរៀបចំ និងការអនុវត្តយុទ្ធសាស្ត្រ NBSAP របស់កម្ពុជា។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីបានជម្រាបជូនលោកស្រីថា យុទ្ធសាស្ត្រ NBSAP ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពិនិត្យ និងអនុម័តឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ន ឯកសារនេះកំពុងត្រូវបានរៀបចំដើម្បីបញ្ជូនទៅកាន់លេខាធិការដ្ឋានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ។
លោករដ្ឋមន្ត្រីបានលើកឡើងថា ការរៀបចំយុទ្ធសាស្ត្រនេះមានលក្ខណៈទូលំទូលាយ ដោយបានចាប់ផ្តើមដំណើរការធ្វើបច្ចុប្បន្នភាពតាំងពីខែមិថុនា ឆ្នាំ២០២៥ និងមានការពិគ្រោះយោបល់តាមរយៈសិក្ខាសាលាចំនួន១៧លើក។ ដំណើរការនេះមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល គ្រឹះស្ថានសិក្សា យុវជន ស្ត្រី ជនជាតិដើមភាគតិច និងវិស័យឯកជន។ ឯកសារនេះក៏ទទួលបានធាតុចូលពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួន២លើកផងដែរ។
យុទ្ធសាស្ត្រ NBSAP ត្រូវបានរៀបចំឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដោយផ្តោតសំខាន់លើ «មុំបៃតង» រួមជាមួយការលើកកម្ពស់ភាពស្អាត និងចីរភាព។
យុទ្ធសាស្ត្រជាតិនេះក៏ត្រូវបានរៀបចំឱ្យស្របតាមក្របខណ្ឌជីវៈចម្រុះសកលគួយមីង-ម៉ុងរ៉េអាល់ (Kunming-Montreal Global Biodiversity Framework: KM-GBF) ដែលជាក្របខណ្ឌអន្តរជាតិសម្រាប់ជំរុញការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះប្រកបដោយចីរភាព។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានតំបន់ការពារធម្មជាតិចំនួន៧៣ ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ៧លានហិកតា ឬស្មើនឹង៣៩% នៃផ្ទៃដីប្រទេសទាំងមូល។ សមាមាត្រនេះខ្ពស់ជាងគោលដៅ «៣០x៣០» នៃក្របខណ្ឌ KM-GBF ដែលជំរុញឱ្យប្រទេសនានាការពារយ៉ាងហោចណាស់៣០% នៃផ្ទៃដី និងតំបន់សមុទ្រនៅត្រឹមឆ្នាំ២០៣០។
ក្រៅពីការកំណត់តំបន់អភិរក្ស យុទ្ធសាស្ត្រ NBSAP របស់កម្ពុជាមានគោលដៅយុទ្ធសាស្ត្រសំខាន់ៗចំនួន៣ រួមមាន៖
១. ការអភិរក្ស និងស្តារជីវៈចម្រុះ៖ ពង្រឹងការការពារ ស្តារឡើងវិញ និងលើកកម្ពស់ជីវៈចម្រុះ ព្រមទាំងបង្កើនភាពធន់នៃប្រព័ន្ធអេកូឡូស៊ី។
២. ការប្រើប្រាស់ធនធានប្រកបដោយចីរភាព៖ ធានាថាការប្រើប្រាស់ជីវៈចម្រុះធ្វើឡើងដោយមានចីរភាព និងការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌។
៣. ការពង្រឹងលក្ខខណ្ឌសម្រាប់ការអនុវត្ត៖ បង្កើតបរិយាកាសអំណោយផល ដើម្បីធានាថាយុទ្ធសាស្ត្រនេះអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។
ជាការឆ្លើយតប លោកស្រី Astrid Schomaker បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ។
លោកស្រីបានគូសបញ្ជាក់ថា យុទ្ធសាស្ត្ររបស់កម្ពុជាមិនត្រឹមតែឆ្លើយតបនឹងបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្ត និងការចូលរួមចំណែកជាក់ស្តែងក្នុងការការពារ និងថែរក្សាធនធានធម្មជាតិ សម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ និងកូនចៅជំនាន់ក្រោយ។
ជំនួបទ្វេភាគីនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញការអភិរក្សជីវៈចម្រុះ ការអនុវត្តយុទ្ធសាស្ត្របៃតង និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព ស្របតាមគោលដៅជាតិ និងក្របខណ្ឌជីវៈចម្រុះសកល៕