Khmer suport khmer cc time

ព្យុះអ៊ីនហ្វា បានវិវត្តជាព្យុះសង្ឃរា ខណៈព្យុះចម្ពីបន្តមានឥទ្ធិពលលើកម្ពុជា ធ្វើឲ្យមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្យុះទី៣១ ឈ្មោះ អ៊ីនហ្វា (In-fa) T2631 បានវិវត្តទៅជាព្យុះសង្ឃរា ខណៈព្យុះទី៣០ ឈ្មោះ ចម្ពី (Champi) T2630 ក៏កំពុងមានឥទ្ធិពលលើប្រព័ន្ធខ្យល់នៅក្នុងតំបន់ រួមទាំងអាងទន្លេមេគង្គ និងប្រទេសកម្ពុជាផងដែរ។ ទោះជាយ៉ាងណា កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះទេ។

ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ត្រូវបានព្យាករថា តំបន់មួយចំនួននៅកម្ពុជាអាចមានភ្លៀងធ្លាក់ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈសីតុណ្ហភាពនៅតាមតំបន់នីមួយៗមានដូចខាងក្រោម៖

តំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមាជាមធ្យម ២៥អង្សាសេ និងអតិបរមាជាមធ្យម ៣២អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ា ក្នុងល្បឿនជាមធ្យម ៤ម៉ែត្រក្នុងមួយវិនាទី។ ខេត្តដែលអាចមានភ្លៀងធ្លាក់ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ រួមមាន បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ។ បាតុភូតភ្លៀងអាចគ្របដណ្តប់លើផ្ទៃដីប្រមាណ ២០ភាគរយ។

តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមាជាមធ្យម ២៤អង្សាសេ និងអតិបរមាជាមធ្យម ៣១អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍ ក្នុងល្បឿនជាមធ្យម ៥ម៉ែត្រក្នុងមួយវិនាទី។ ខេត្ត និងតំបន់ដែលអាចមានភ្លៀងធ្លាក់ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ រួមមាន ឧត្តរមានជ័យ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ប៉ៃលិន ព្រះវិហារ ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ។ ភ្លៀងអាចគ្របដណ្តប់លើផ្ទៃដីប្រមាណ ១៥ភាគរយ។

តំបន់មាត់សមុទ្រ នឹងមានសីតុណ្ហភាពអប្បបរមាជាមធ្យម ២៥អង្សាសេ និងអតិបរមាជាមធ្យម ៣៣អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍ ក្នុងល្បឿនជាមធ្យម ៤ម៉ែត្រក្នុងមួយវិនាទី។ ខេត្តដែលអាចមានភ្លៀងធ្លាក់ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ រួមមាន កោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ។ ភ្លៀងអាចគ្របដណ្តប់លើផ្ទៃដីប្រមាណ ២០ភាគរយ។

ចំណែកស្ថានភាពរលកសមុទ្រ កម្ពស់រលកមធ្យមអប្បបរមានឹងមានប្រមាណ ០,៥០ម៉ែត្រ និងកម្ពស់រលកមធ្យមអតិបរមាប្រមាណ ១,៥០ម៉ែត្រ៕

Khcct banner

អត្ថបទទាក់ទង