Khmer suport khmer cc time

យុវជន និងអ្នកជំនាញទេសចរណ៍ ជាង១ម៉ឺននាក់ ទទួលបានការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ប្រភពរូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៦ តុលា បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០២០ រហូតដល់ ត្រីមាសទី៣ ឆ្នាំ២០២៦ គម្រោងហូកា បានបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព យុវជនក្រីក្រ និងងាយរងគ្រោះ អ្នកជំនាញកម្រិតទាប ម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងក្នុងវិស័យបដិសណ្ឋារកិច្ច សរុប ១០.៤៨៨នាក់ និងបានពង្រីកវិសាលភាពរហូតដល់ ១៦ ខេត្តគោលដៅ។

ក្នុងពិធីបិទ «ទិវាជំនាញហូកា ឆ្នាំ២០២៦» លើកទី៤ ក្រោមប្រធានបទ «ជំនាញសម្រាប់អនាគតរួមគ្នា៖ ពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍តាមរយៈការសិក្សាពេញមួយជីវិត» លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) , ជំនួយរបស់ LED, និងកិច្ចសហការរបស់អង្គការស្វីសខន់ថាក់ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធ ដែលបានរួមចំណែកជំរុញកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ឱ្យទទួលបានសមិទ្ធផលជាបន្តបន្ទាប់។

លោក ហួត ហាក់ បានគូសបញ្ជាក់ថា ការអភិវឌ្ឍជំនាញមិនបញ្ចប់ត្រឹមវគ្គបណ្តុះបណ្តាលណាមួយឡើយ ប៉ុន្តែជាដំណើរនៃការសិក្សា និងការពង្រឹងសមត្ថភាពពេញមួយជីវិត ដើម្បីបង្កើនឱកាសការងារ វឌ្ឍនភាពអាជីព និងផលិតភាព ព្រមទាំងលើកកម្ពស់គុណភាពសេវាកម្ម និងភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជា។

បន្ថែមពីនេះ លោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ឱ្យពង្រឹងប្រសិទ្ធភាពកម្មវិធីហូកា និងពិនិត្យលទ្ធភាពពង្រីកវិសាលភាពទូទាំងប្រទេស ស្របតាមយុទ្ធសាស្ត្រ «បុគ្គលិកម្នាក់ ជំនាញមួយ និងជំនាញឌីជីថល» និង «សេវាមួយ ស្តង់ដាមួយ»។ ទន្ទឹមនេះ ត្រូវជំរុញការភ្ជាប់កម្មវិធីបណ្តុះបណ្តាលទៅនឹងក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា និងពិនិត្យលទ្ធភាពវាយតម្លៃទទួលស្គាល់ការសិក្សាពីមុន ដើម្បីឱ្យជំនាញ និងបទពិសោធការងាររបស់អ្នកជំនាញទេសចរណ៍ទទួលបានការទទួលស្គាល់ជាផ្លូវការ និងមានផ្លូវអភិវឌ្ឍអាជីពកាន់តែច្បាស់លាស់៕

Khcct banner

អត្ថបទទាក់ទង