Khmer suport khmer cc time

ឥណ្ឌូនេស៊ី សូមទោសកម្ពុជាដែលត្រូវលំបាកដោយសារពលរដ្ឋខ្លួនមកប្រព្រឹត្តបទល្មើស

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ឆ្វេង៖ លោក អាំងហ្គីយ៉ាត ណាពីទូពូលូ ទីប្រឹក្សានៃក្រសួងអន្តោប្រវេសន៍ និងអប់រំកែប្រែ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី

ស្តាំ៖ លោក ស សុខា  រដ្ឋក្រសួងមហាផ្ទៃកម្ពុជា

ភ្នំពេញ៖ ទីប្រឹក្សាឥណ្ឌូនេស៊ី បានថ្លែងសូមទោសកម្ពុជាដែលត្រូវលំបាកដោយសារពលរដ្ឋខ្លួនមកប្រព្រឹត្តបទល្មើសនៅកម្ពុជា។ការសូមទោសនេះ ធ្វើឡើងក្នុងពេលលោក អាំងហ្គីយ៉ាត ណាពីទូពូលូ ទីប្រឹក្សានៃក្រសួងអន្តោប្រវេសន៍ និងអប់រំកែប្រែ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានជួបជាមួយលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋក្រសួងមហាផ្ទៃកម្ពុជា។

ក្នុងជំនួបនោះ លោក អាំងហ្គីយ៉ាត ណាពីទូពូលូ ទីប្រឹក្សានៃក្រសួងអន្តោប្រវេសន៍ និងអប់រំកែប្រែ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានថ្លែងសូមទោស និងស្មើសុំមនោសញ្ចេតនាយល់យោគពីកម្ពុជា បន្ទាប់ពីត្រូវជួបការលំបាកដោយសារពលរដ្ឋឥណ្ឌូនេស៊ីមួយចំនួនបានចូលមកប្រព្រឹត្តបទល្មើស ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោកបានរំលេចពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អជាបន្ទាន់ជាមួយកម្ពុជា ពិសេសលើការស្រាវជ្រាវ ឃាត់ និងបញ្ជូនខ្លួនជនជាតិឥណ្ឌូនេស៊ី ដែលប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការមើលថែទាំជនជាតិឥណ្ឌូនេស៊ីមួយចំនួនទៀតដែលកំពុងស្នាក់នៅមណ្ឌលត្រៀមបណ្ដេញចេញ ដោយលោកទទួលស្គាល់ថា ជាការលំបាកដែលកម្ពុជាខិតខំដោះស្រាយ។

ជាការឆ្លើយតប លោក ស សុខា បានមានប្រសាសន៍ថា បញ្ហាទាំងនេះ មិនមែនមានតែជនជាតិឥណ្ឌូនេស៊ីនោះទេ ប៉ុន្តែក៏បង្កឡើងដោយជនជាតិផ្សេងទៀត រួមទាំងពលរដ្ឋកម្ពុជាផងដែរ។ ប្រមុខក្រសួងមហាផ្ទៃ ចាត់ទុកបញ្ហានេះថាមូលហេតុកើតចេញពីសារជាតិរបស់បុគ្គលមនុស្សម្នាក់ៗ ហើយថាសម្រាប់កម្ពុជា រាជរដ្ឋាភិបាល មានឆន្ទៈ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីដោះស្រាយបញ្ហានេះ ដោយពុំបានដើរចង្អុលមុខចោទប្រកាន់ភាគីណាមួយនោះឡើយ ប៉ុន្តែផ្ទុយទៅវិញបានបោះដៃប្រកៀកស្មាបង្កើតយន្តការសហប្រតិបត្តិការទាំងកម្រិតទ្វេភាគី និងពហុភាគី។

ជាចុងក្រោយ សមភាគីទាំងពីរបានសាទរ ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ និង បានប្រកាសគាំទ្រការរៀបចំកិច្ចប្រជុំទ្វេភាគី នៅប្រទេសឥណ្ឌូនេស៊ី នាឆ្នាំក្រោយ ដោយមានការរៀបចំទាំងកម្រិតអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយនឹងកម្រិតអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕

Khcct banner

អត្ថបទទាក់ទង