Khmer suport khmer cc time

អាជ្ញាធរអាម៉េរិក និងកម្ពុជា ចាប់ដៃគ្នាបង្ក្រាប«ការដឹកជញ្ជូនគ្រឿងញៀន»ពីកំពង់ផែកោះកុងទៅកាន់នាវានានានៅក្នុងដែនទឹកអន្តរជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រភពរូបភាព៖ ស្ថានទូតអាម៉េរិក

កោះកុង៖អាជ្ញាធរកម្ពុជា និងអាម៉េរិក បានសហការយ៉ាងល្អហើយឈានទៅបង្ក្រាបដឹកជញ្ជូនគ្រឿងញៀនពីកំពង់ផែកោះកុងទៅកាន់នាវានានានៅក្នុងដែនទឹកអន្តរជាតិ ដោយរឹបអូសថ្នាំញៀនមេតំហ្វេតាមីនជិតមួយតោន។អាម៉េរិក បានសម្តែងពីមោទនភាពក្នុងការឈរនៅជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងបណ្តាញឧក្រិដ្ឋជនដែលគំរាមកំហែងដល់សុវត្ថិភាព និងសុខភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។

យោងតាមការចុះផ្សាយពីស្ថានទូតអាម៉េរិក បានគូសបញ្ជាក់ថា រដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាម៉េរិក (DEA) បានសហការជាមួយនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា (ADP) និងនគរបាលខេត្តកោះកុង ដើម្បីបញ្ឈប់ទូកនេសាទដែលសង្ស័យថាបានដឹកជញ្ជូនគ្រឿងញៀនពីកំពង់ផែកោះកុងទៅកាន់នាវានានានៅក្នុងដែនទឹកអន្តរជាតិ។

បើតាមរបាយការណ៍ ប្រតិបត្តិការនេះបាននាំឱ្យមានការចាប់ខ្លួនមនុស្សចំនួន ៨ នាក់ និងការរឹបអូសថ្នាំញៀនមេតំហ្វេតាមីនជិត ៩៧៩ គីឡូក្រាម។ គ្រឿងញៀនទាំងនេះនឹងមិនអាចទៅដល់សហគមន៍នៅអាម៉េរិក កម្ពុជា ឬសហគមន៍ណាមួយផ្សេងទៀតបានឡើយ។សម្រាប់អាម៉េរិក បណ្តាញឧក្រិដ្ឋជនប្រើប្រាស់ប្រទេសកម្ពុជា ជាប្រទេសឆ្លងកាត់សម្រាប់ការដឹកជញ្ជូនគ្រឿងញៀន ហើយ DEA នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រអាជ្ញាធរកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋជនទាំងនេះ៕

Khcct banner

អត្ថបទទាក់ទង