ភ្នំពេញ៖ លោក សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានក្រុមការងារប្រតិបត្តិកម្មវិធីពិព័រណ៍ផលិតផលខ្មែរ នាថ្ងៃទី២៩ ខែវិច្ឆិកានេះ ជួបជាមួយតំណាងក្រុមហ៊ុន សហគ្រាស និងម្ចាស់អាជីវកម្ម ដែលនឹងចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្មក្នុងពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក»លើកទី២។
កិច្ចប្រជុំនេះក្នុងគោលបំណង់ស្វែងយល់បន្ថែមអំពីព័ត៌មានលម្អិត និងពិភាក្សាអំពីការត្រៀមលក្ខណៈរៀបចំស្តង់ ការតាំងបង្ហាញផលិតផល និងសេវាកម្ម ព្រមទាំងការសម្របសម្រួលការងារនានា ដើម្បីធានាឱ្យការចូលរួមក្នុងពិព័រណ៍ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សហការជាមួយក្រសួង ស្ថាប័ន សភាពាណិជ្ជកម្ម និងសមាគមពាក់ព័ន្ធ នឹងរៀបចំ ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ សារជាថ្មី ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ គឺថ្ងៃទី០៦ ០៧ និង០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍នេះនឹងមានការចូលរួមពីក្រុមហ៊ុន និងសហគ្រាសដែលនឹងនាំយកផលិតផលក្នុងស្រុកចម្រុះមកតាំងបង្ហាញ ដើម្បីឱ្យសាធារណជនបានទស្សនា និងជាវយកទៅប្រើប្រាស់។ ជាមួយគ្នានេះ ក៏នឹងមានកម្មវិធីអមជាច្រើន រួមមានកិច្ចពិភាក្សា ការប្រគុំតន្ត្រី ការបង្ហាញបសុសត្វ និងការចាប់រង្វាន់ផ្សងសំណាងផងដែរ៕