ភ្នំពេញ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ អាជ្ញាធរបរទេសបានបញ្ជូនពលរដ្ឋខ្មែរសរុបចំនួន ៥.៥៦៨នាក់ ត្រឡប់មកកម្ពុជាវិញ ដោយក្នុងនោះភាគច្រើនមកពីប្រទេសថៃ។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានសម្រួលបែបបទដល់ពលរដ្ឋខ្មែរចំនួន ៥.៤១០នាក់ ឱ្យចេញទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ តាមរយៈក្រុមហ៊ុននានា។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលផ្ដល់ជូនក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
ក្នុងចំណោមពលរដ្ឋខ្មែរដែលត្រូវបានបញ្ជូនត្រឡប់មកវិញទាំង ៥.៥៦៨នាក់ មានចំនួន ៤.៤៧៧នាក់ មកពីប្រទេសថៃ ៣៨៧នាក់មកពីម៉ាឡេស៊ី ៣៣៤នាក់មកពីចិន ១៩៩នាក់មកពីសាធារណរដ្ឋកូរ៉េ ៥៦នាក់មកពីសហរដ្ឋអាម៉េរិក ៥៦នាក់មកពីវៀតណាម ៣១នាក់មកពីសិង្ហបុរី ១៤នាក់មកពីជប៉ុន ៨នាក់មកពីហ្វីលីពីន និង៣នាក់មកពីឡាវ ព្រមទាំង៣នាក់មកពីកាណាដា។
ក្រៅពីនេះ ក្នុងរយៈពេលដូចគ្នា មន្ត្រីអន្តោប្រវេសន៍កម្ពុជាបានទប់ស្កាត់ពលរដ្ឋខ្មែរចំនួន ២១៨នាក់ មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីមានការសង្ស័យថា អ្នកទាំងនេះអាចមានជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។
ជាមួយគ្នានេះ សមត្ថកិច្ចនៅតាមច្រកទ្វារព្រំដែនបានបង្កើនការត្រួតពិនិត្យឯកសារធ្វើដំណើរចេញ-ចូលប្រទេសយ៉ាងតឹងរ៉ឹង។ ក្នុងរយៈពេល៩ខែនេះ សមត្ថកិច្ចបានរកឃើញបទល្មើសសរុបចំនួន ២.៩២១ករណី ពាក់ព័ន្ធនឹងមនុស្ស ៥.២៦២នាក់ មកពី៩៣សញ្ជាតិ។ ក្នុងនោះ បទល្មើសពាក់ព័ន្ធនឹងការចូលមកកម្ពុជាមានចំនួន ២.២៨៧ករណី ស្មើនឹងមនុស្ស ៤.២៧១នាក់ មកពី៨៩សញ្ជាតិ។
ចំពោះករណីទាំងនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ១០៣នាក់ បញ្ជូនទៅតុលាការ និងបញ្ជូនមនុស្សចំនួន ៤.១៦៨នាក់ ត្រឡប់ទៅវិញ។ អ្នកដែលពាក់ព័ន្ធនឹងបទល្មើសទាំងនេះ មានករណីប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ស្ទីកគ័រ និងត្រាចេញ-ចូលប្រទេសក្លែងក្លាយ រួមទាំងទិន្នន័យក្លែងក្លាយនៅលើលិខិតឆ្លងដែន។ ក្រៅពីនេះ ក៏មានអ្នកមិនអាចបញ្ជាក់គោលបំណងធ្វើដំណើរបានច្បាស់លាស់ និងអ្នកប្រើប្រាស់លិខិតឆ្លងដែនផុតសុពលភាពផងដែរ។
ដោយឡែក ករណីឆ្លងដែនចេញពីកម្ពុជាដោយខុសច្បាប់មានចំនួន ៦៣៤ករណី ពាក់ព័ន្ធនឹងមនុស្ស ៩៩១នាក់ មកពី២០សញ្ជាតិ។ ក្នុងចំណោមនោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ២៧០នាក់ និងបញ្ជូនទៅតុលាការ ខណៈអ្នកដំណើរចំនួន ៧២១នាក់ ដែលត្រូវបានរកឃើញថាជាជនរងគ្រោះ ត្រូវបានជួយសម្រួលឱ្យត្រឡប់ទៅលំនៅឋានវិញ។
អ្នកពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់ទាំងនេះ ត្រូវបានរកឃើញថា មានឈ្មោះក្នុងបញ្ជីមុខសញ្ញា ឬពាក់ព័ន្ធនឹងការរត់ពន្ធមនុស្ស ស្នាក់នៅលើសកំណត់ទិដ្ឋាការ មិនមានគោលបំណងធ្វើដំណើរច្បាស់លាស់ ប្រើប្រាស់លិខិតឆ្លងដែន និងត្រាចេញ-ចូលក្លែងក្លាយ ព្រមទាំងមិនមានទិដ្ឋាការចូលកម្ពុជាត្រឹមត្រូវជាដើម៕