ភ្នំពេញ៖ រដ្ឋាភិបាលព្រីតថេនបានផ្តល់ប្រាក់ជំនួយចំនួន ៣២៥,០០០ ដុល្លារ ដល់អង្គភាពការពារកុមារ (CPU) របស់អង្គការមូលនិធិកុមារកម្ពុជា (CCF) ដើម្បីជួយដោះស្រាយបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិតលើកុមារនៅកម្ពុជា។ ប្រាក់ជំនួយនេះនឹងពង្រឹងការឆ្លើយតបរបស់កម្ពុជាលើការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអ៊ីនធឺណិត តាមរយៈការកសាងជំនាញស៊ើបអង្កេតឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា។ ថវិកាជំនួយសរុបចំនួន ៣២៥,៥១៧ ដុល្លារ (២៤២,៩២៣ ផោន) ត្រូវបានផ្តល់ជូនដោយរដ្ឋាភិបាលព្រីតថេន ក្នុងទម្រង់ជាជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដែលស្ថិតក្រោមការគ្រប់គ្រងដោយ Foreign, Commonwealth & Development Office (FCDO)។
លោក Dominic Williams ឯកអគ្គរាជទូតព្រីតថេនប្រចាំកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាជាផ្លូវការនៅទីស្នាក់ការកណ្តាលរបស់ CPU គឺមជ្ឈមណ្ឌលផ្កាឈូក (Lotus Centre) ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ មជ្ឈមណ្ឌលផ្កាឈូក គឺជាមជ្ឈមណ្ឌលឯកទេសដំបូងគេបង្អស់នៅកម្ពុជាដែលជួយកុមាររងគ្រោះដោយសារការរំលោភបំពាន ការកេងប្រវ័ញ្ច និងការជួញដូរ។ មជ្ឈមណ្ឌលនេះក៏ជាការិយាល័យរបស់ក្រុមការងារប្រយុទ្ធប្រឆាំងបទល្មើសលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត (ICAC) របស់ CPU ដែលធ្វើការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិតលើកុមារ តាំងពីឆ្នាំ ២០១៩ មកម៉្លេះ។
លោក Dominic Williams ឯកអគ្គរាជទូតព្រីតថេនប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «ការរក្សាសុវត្ថិភាពកុមារ គឺជាទំនួលខុសត្រូវដ៏សំខាន់បំផុតមួយដែលយើងត្រូវចែករំលែកគ្នាក្នុងសង្គម។ កុមារគ្រប់រូបសក្តិសមនឹងទទួលបានការលូតលាស់ដោយគ្មានការកេងប្រវ័ញ្ច និងការរំលោភបំពាន រាប់បញ្ចូលទាំងតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។ ប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធឌីជីថល ជាអ្វីដែលយុវជនរបស់យើងមិនធ្លាប់មានប្រើប្រាស់ក្នុងការសិក្សានិងការអប់រំរបស់គេនោះទេកាលពីមុនមក ហើយដូច្នេះពួកគេជាញឹកញាប់តែងតែប្រឈមមុខនឹងហានិភ័យពីជនខិលខូចដែលកេងប្រវ័ញ្ចតាមរយៈប្រព័ន្ធបច្ចេកវិទ្យានេះ និងធ្វើបាបដល់កុមាររបស់យើង។ ក្នុងនាមខ្ញុំជាឯកអគ្គរាជទូត និងក៏ជាអាណាព្យាបាលម្នាក់ផងដែរ ខ្ញុំមានមោទនភាពដែលព្រីតថេនកំពុងធ្វើការងាររួមគ្នាជាមួយកម្ពុជា ដើម្បីពង្រឹងជំនាញ និងសមត្ថភាពដែលចាំបាច់ក្នុងការការពារកុមារតាមប្រព័ន្ធអ៊ីនធឺណិត ស្វែងរកអ្នកប្រឈមនឹងហានិភ័យ និងនាំខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់។ ខ្ញុំជឿជាក់ថាតាមរយៈការសហការគ្នានេះ យើងអាចធ្វើឱ្យពិភពឌីជីថលកាន់តែមានសុវត្ថិភាពសម្រាប់យុវជនកម្ពុជា»។
ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត គឺជាការគំរាមកំហែងជាសកលដែលកំពុងកើនឡើង ដោយជនល្មើសប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការល្បងកុមារ បង្ខំកុមារឱ្យធ្វើសកម្មភាពផ្លូវភេទ គំរាមទារប្រាក់ និងបង្កើត ឬចែកចាយសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ។នៅកម្ពុជា តាមការប៉ាន់ប្រមាណ កុមារម្នាក់ក្នុងចំណោមបួននាក់ ដែលប្រើប្រាស់អ៊ីនធឺណិត អាយុចន្លោះពី ១២ ដល់ ១៧ ឆ្នាំ ធ្លាប់បានជួបប្រទះការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារយ៉ាងហោចណាស់មួយទម្រង់។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការ UNICEF ដែលមានចំណងជើងថា Through Children's Eyes ដោយផ្អែកលើទិន្នន័យនៅទូទាំង ២១ ប្រទេស។ ទោះបីជាការរាយការណ៍របស់ NCMEC បង្ហាញថាការបញ្ជូនករណីពាក់ព័ន្ធនឹងកម្ពុជាមានការថយចុះក្នុងរយៈពេល ៣ ឆ្នាំ គិតត្រឹមឆ្នាំ ២០២៥ នេះក៏ដោយ ក៏នៅតែមានរបាយការណ៍ចំនួន ៤៨,០០០ ករណី ត្រូវបានបញ្ជូនចេញនៅក្នុងឆ្នាំ ២០២៥ នេះដែរ ដែលបន្តគូសបញ្ជាក់ឱ្យឃើញពីតម្រូវការដ៏ចាំបាច់ផ្នែកសមត្ថភាពស៊ើបអង្កេត និងការការពារតាមបែបឯកទេស។
ក្រុមការងារ ICAC របស់ CPU ធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរកម្ពុជា និងភ្នាក់ងារអនុវត្តច្បាប់អន្តរជាតិ ដើម្បីស៊ើបអង្កេតបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិត និងការពារកុមារដែលងាយរងគ្រោះ។ ការស៊ើបអង្កេតនោះ បានរួមបញ្ចូលគ្នានូវជំនាញឯកទេសកោសល្យវិច័យឌីជីថលជាមួយនឹងការការពារលើជនរងគ្រោះជាចម្បង ដើម្បីកំណត់អត្តសញ្ញាណកុមារដែលរងហានិភ័យ និងគាំទ្រដល់ចំណាត់ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។
គម្រោងថវិកាជំនួយនេះមានរយៈពេល ៦ ខែ ដែលនឹងពង្រឹងដល់សមត្ថភាពនគរបាល និងមន្ត្រីស៊ើបអង្កេតនៅកម្ពុជា ឱ្យមានជំនាញក្នុងការស៊ើបអង្កេត និងសង្គ្រោះកុមារពីការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិត តាមរយៈវគ្គបណ្តុះបណ្តាល និងកសាងសមត្ថភាព។ CPU នឹងរៀបចំវគ្គបណ្តុះបណ្តាលជាច្រើនសម្រាប់នគរបាល និងមន្ត្រីស៊ើបអង្កេតលើផ្នែកកោសល្យវិច័យឌីជីថល និងជំនាញឯកទេសស៊ើបអង្កេតផ្សេងៗទៀត។ គម្រោងនេះក៏នឹងពង្រីកការចូលប្រើប្រាស់លើកម្មវិធីដែលមានអាជ្ញាប័ណ្ណខាងកោសល្យវិច័យឌីជីថលឱ្យទូលំទូលាយ ព្រមទាំងពង្រឹងការយល់ដឹងផ្នែកតុលាការ និងភស្តុតាងឌីជីថលផងដែរ។
លោក James McCabe នាយក CPU បានលើកឡើងថា៖ «បទល្មើសតាមប្រព័ន្ធអ៊ីនធឺណិតលើកុមារកាន់តែមានភាពស្មុគស្មាញ និងទាមទារឱ្យមានជំនាញឯកទេសស៊ើបអង្កេត បច្ចេកវិទ្យា និងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅទូទាំងប្រព័ន្ធយុត្តិធម៌។ ប្រាក់ជំនួយនេះ នឹងជួយបំពាក់បំប៉នមន្ត្រីនគរបាល និងមន្ត្រីស៊ើបអង្កេតនូវឧបករណ៍អនុវត្តផ្ទាល់ និងជំនាញឯកទេសដែលពួកគេត្រូវការ ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ ការពារភស្តុតាងឌីជីថល និងឆ្លើយតបទៅនឹងការរំលោភបំពានកាន់តែមានប្រសិទ្ធភាព»។
លោក Nick Rose នាយករង CPU និងជាប្រធានក្រុមការងារ ICAC បានបន្ថែមថា៖«វាជាកិត្តិយសណាស់ដែលបានធ្វើការជាមួយមន្ត្រីដែលមានការប្តេជ្ញាចិត្តខ្ពស់បែបនេះ។ វាក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើការងារជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះ»។
គួររម្លឹកថា CPU ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ក្នុងកិច្ចសហប្រតិបត្តិការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ក្នុងការស៊ើបអង្កេតបទល្មើសធ្ងន់ធ្ងរលើកុមារ និងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។ CPU ត្រូវបានទទួលស្គាល់ថាជាអង្គភាពដឹកនាំឈានមុខគេមួយនៅកម្ពុជា លើការការពារកុមារ ដោយរួមបញ្ចូលគ្នានូវឯកទេសស៊ើបអង្កេត ជាមួយនឹងការថែទាំ និងការគាំទ្រដល់កុមារ និងគ្រួសាររបស់ពួកគេ។ ខណៈ មូលនិធិរបស់រដ្ឋាភិបាលព្រីតថេន គាំទ្រដល់អង្គការទាំងឡាយណាដែលធ្វើការដើម្បីសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងគោលដៅសកលរបស់អង្គការសហប្រជាជាតិ៕