ឡុងដ៍៖ វត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ត្រូវបានស្វែងរកឃើញនៅទីក្រុងឡុងដ៍ ព្រីតថេន ដោយអង្គភាព សិល្បៈនិងវត្ថុបុរាណនៃនគរបាលទីក្រុងឡុងដ៍ (Metropolitan Police Service) ក្រោមការគាំទ្រពីក្រុម ការងារប្រយុទ្ធប្រឆាំងបទល្មើសលើបេតិកភណ្ឌនៃអង្គការសន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE)។ វត្ថុទាំងនេះត្រូវបានប្រគល់ជាផ្លូវការកាលពីថ្ងៃទី៣០ តុលាម្សិលមិញ ជូនស្ថានឯកអគ្គរាជទូតនៃកម្ពុជាប្រចាំទីក្រុងឡុងដ៍ ហើយក្រសួងវប្បធម៌ នឹងចាត់ចែងបញ្ជូនមកកម្ពុជានាពេលខាងមុខ។
បើតាមសេចក្តីប្រកាសរបស់ក្រសួងវប្បធម៌ វត្ថុសិល្បៈទាំងនេះត្រូវបានស្វែងរកឃើញកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ហើយត្រូវបានកំណត់ អត្តសញ្ញាណថាមានប្រភពដើមមកពីប្រទេសកម្ពុជា។ បន្ទាប់មក នៅក្នុងខែកញ្ញា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានដាក់សំណើជាផ្លូវការដើម្បីទាមទារឱ្យប្រគល់វត្ថុទាំងនេះត្រឡប់មកកម្ពុជាវិញ។ វត្ថុទាំងនេះ រួមមាន៖ រូបចម្លាក់សាងពីថ្ម វត្ថុធ្វើពីសំរិទ្ធសម្រាប់ប្រើប្រាស់ក្នុងកិច្ចពិធី និងបំណែកគ្រឿងអលង្ការ ដែលមាន អាយុកាលប្រមាណពីសតវត្សទី១០ ដល់សតវត្សទី១៣។ ក្នុងចំណោមវត្ថុទាំងនេះ មានព្រះសិរ្សបដិមា សាងពីថ្មភក់ ក្នុងរចនាបថបាពួន រវាងពាក់កណ្តាលទីពីរនៃសតវត្សទី១១ និងព្រះសិរ្សបដិមា ក្នុងរចនាបថបាយ័ន ចុងសតវត្សទី១២។ ក្រៅពីនេះ ក៏មានកណ្តឹងពុទ្ធសាសនា ដែលមានដងកាន់រាងវជ្រ ទេពរាំលើបល្ល័ង្គ (យោគីនីរាំ) គ្រឿងលម្អមានបន្តោង ព្រមទាំងចង្កៀងសំរិទ្ធមួយ ដែលធ្លាប់ប្រើប្រាស់ក្នុងកិច្ចពិធី។ ជារួម វត្ថុ ទាំងនេះឆ្លុះបញ្ចាំងពីស្នាដៃសិល្បៈ ប្រពៃណី ជំនឿសាសនា និងជីវភាពវប្បធម៌និងអារ្យធម៌ខ្មែរដែលបាន ឆ្លងកាត់ជាច្រើនសតវត្សមកហើយ។
បន្ទាប់ពីវត្ថុទាំងនេះត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ មន្ត្រីជំនាញក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសារមន្ទីរជាតិកម្ពុជា នឹងធ្វើការសិក្សាស្រាវជ្រាវលើវត្ថុទាំងនេះ និងប្រៀបធៀបជាមួយលទ្ធផលស្រាវជ្រាវ នៅទីតាំងជាក់ស្តែង កំណត់ត្រាទីតាំងបុរាណវិទ្យា និងសក្ខីកម្មផ្ទាល់ដែលមាន។ ការងារនេះ នឹងរួមចំណែកជួយឱ្យកាន់តែយល់ច្បាស់អំពីប្រវត្តិ និងប្រភពដើមរបស់វត្ថុទាំងនេះ ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់របស់កម្ពុជាក្នុងការកំណត់អត្តសញ្ញាណ និងស្វែងរកសម្បត្តិវប្បធម៌ដែលត្រូវបាននាំចេញពី ទឹកដីកម្ពុជាដោយខុសច្បាប់។
ការប្រគល់វត្ថុសិល្បៈទាំង១៨នេះត្រឡប់មកវិញ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀតនៃកិច្ចខិតខំ ប្រឹងប្រែងជាបន្តបន្ទាប់របស់កម្ពុជាក្នុងការស្វែងរក និងនាំយកមកវិញនូវសម្បត្តិវប្បធម៌ដែលបានបាត់បង់ពី មាតុភូមិ។ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តក្នុងការទាមទារឱ្យប្រគល់ត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ដែលត្រូវបាន នាំចេញពីទឹកដីកម្ពុជាដោយខុសច្បាប់ និងសូមស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ពីរដ្ឋាភិបាល ស្ថាប័នអនុវត្តច្បាប់ សារមន្ទីរ អ្នកស្រាវជ្រាវ និងអ្នកប្រមូលវត្ថុសិល្បៈឯកជននានា៕